ប្រជាជនហុងគ្រី រាប់ពាន់នាក់បានបន្តតវ៉ាយ៉ាងតានតឹងនៅទីក្រុងប៊ុយដាប៉ែស កាលពីថ្ងៃអង្គារ (០១ មេសា) ប្រឆាំងនឹងច្បាប់ដែលមានបំណងហាមឃាត់ការហែក្បួនឥន្ទធនូ ឬហៅថាក្បួនគាំទ្រអ្នកស្រឡាញ់ភេទដូចគ្នា ប្រចាំឆ្នាំដោយក្រុមជនស្រឡាញ់ភេទដូចគ្នា LGBTQ+ ហើយដែលត្រូវមើលឃើញដោយអ្នករិះគន់ថា ជាផ្នែកមួយនៃការបង្ក្រាបកាន់តែទូលំទូលាយលើសេរីភាពប្រជាធិបតេយ្យនៅមុនការបោះឆ្នោតសភាឆ្នាំ២០២៦។

នាយករដ្ឋមន្ត្រីស្តាំនិយម លោក Viktor Orban ដែលប្រឈមមុខនឹងការប្រកួតប្រជែងខ្លាំងពីបក្សប្រឆាំងមុនការបោះឆ្នោត បានរិះគន់សហគមន៍អ្នកស្រឡាញ់ភេទដូចគ្នា LGBTQ+។ សភាដែលគ្រប់គ្រងដោយបក្ស Fidesz របស់លោក Orban បានអនុម័តច្បាប់មួយកាលពីខែមុន ដែលហាមឃាត់ការដើរក្បួនឥន្ទធនូ ដោយហេតុផលថា ការប្រមូលផ្ដុំគ្នាបែបនោះអាចបង្កគ្រោះថ្នាក់ដល់កុមារ។

បាតុករមួយចំនួន ក្នុងការប្រមូលផ្តុំលើកទីបីហើយជុំវិញកំណែទម្រង់របស់លោក Orban បានសម្តែងការព្រួយបារម្ភអំពីសុខភាពនៃលទ្ធិប្រជាធិបតេយ្យរបស់ហុងគ្រី ជាងពីរទសវត្សរ៍បន្ទាប់ពីបានចូលរួមជាមួយសហភាពអឺរ៉ុប ដោយអ្នករៀបចំពិធីនិយាយថា ការហែក្បួនឥន្ទធនូមិនគំរាមកំហែងដល់កុមារទេ ហើយពួកគេគ្រោងនឹងរៀបចំព្រឹត្តិការណ៍នេះ បើទោះបីជាមានការហាមឃាត់ក៏ដោយ។
លោក Orban និយាយថា ការពិតដែលថាបាតុកម្មដូចនៅថ្ងៃអង្គារនោះអាចកើតឡើងបាន មានន័យថាពុំមានការគំរាមកំហែងអ្វីដល់លទ្ធិប្រជាធិបតេយ្យនោះទេ ដោយហៅការតវ៉ាប្រឆាំងនឹងច្បាប់ថ្មីនេះថាជា "ការបង្កហេតុ"៕