រដ្ឋមន្ត្រីការពារជាតិអ៊ីស្រាអែល លោក Israel Katz បានប្រកាសពីការពង្រីកប្រតិបត្តិការយោធាដ៏ធំ នៅតំបន់ហ្កាហ្សា នៅថ្ងៃពុធ (ទី២ ខែមេសា) នេះ ដោយនិយាយថា តំបន់ដ៏ធំនៃដែនដីនេះ នឹងត្រូវរឹបអូស ហើយបញ្ចូលទៅជាតំបន់សន្តិសុខរបស់អ៊ីស្រាអែល។
តាមរយៈសេចក្តីថ្លែងការណ៍មួយ លោក Katz បានបញ្ជាក់ថា នឹងមានការជម្លៀសប្រជាជនទ្រង់ទ្រាយធំចេញពីតំបន់ដែលមានការប្រយុទ្ធគ្នានេះ ហើយបានជំរុញឲ្យអ្នកស្រុកហ្កាហ្សាលុបបំបាត់ក្រុមហាម៉ាស និងប្រគល់ចំណាប់ថ្នូរអ៊ីស្រាអែលទាំងអស់មកវិញ ដែលជាមធ្យោបាយតែមួយគត់ ដើម្បីបញ្ចប់សង្គ្រាមនេះ។ តែយ៉ាងណាក្ដី លោកមិនបានបញ្ជាក់ច្បាស់លាស់ថា តើតំបន់ទំហំប៉ុនណាដែលអ៊ីស្រាអែលមានបំណងចង់កាប់កាប់នោះ។
អ៊ីស្រាអែលបានបង្កើតរួចហើយនូវតំបន់ទ្រនាប់ដ៏ធំ នៅក្នុងតំបន់ហ្កាហ្សា ដោយពង្រីកតំបន់ដែលមាននៅជុំវិញជាយនៃដែនដីនេះ មុនពេលមានសង្រ្គាម និងបញ្ចូលតំបន់សន្តិសុខដ៏ធំមួយបន្ថែមទៀត ជាអ្វីដែលគេហៅថា ច្រករបៀង Netzarim កាត់កណ្តាលតំបន់ហ្កាហ្សា។

ជាមួយគ្នានេះ ថ្នាក់ដឹកនាំអ៊ីស្រាអែល បាននិយាយថា ពួកគេមានគម្រោងជួយសម្រួលដល់ការចាកចេញដោយស្ម័គ្រចិត្តរបស់ជនជាតិប៉ាឡេស្ទីនពីដែនដីនេះ បន្ទាប់ពីប្រធានាធិបតីអាមេរិក លោក Donald Trump បានអំពាវនាវឲ្យមានការជម្លៀសជាអចិន្ត្រៃយ៍ និងរៀបចំអភិវឌ្ឍឡើងវិញឲ្យក្លាយទៅជារមណីយដ្ឋានឆ្នេរ ក្រោមការគ្រប់គ្រងរបស់សហរដ្ឋអាមេរិក។
គួរបញ្ជាក់ថា អ៊ីស្រាអែលបានចាប់ផ្ដើមការវាយប្រហារតាមផ្លូវអាកាសឡើងវិញ លើតំបន់ហ្កាហ្សា និងបានបញ្ជូនទាហានជើងគោកត្រលប់ចូលដែនដីនេះវិញ ក្នុងខែនេះ បន្ទាប់ពីមានភាពស្ងប់ស្ងាត់រយៈពេល ២ខែ ដោយបានបញ្ចប់បទឈប់បាញ់គាំទ្រដោយសហរដ្ឋអាមេរិក ជាកិច្ចព្រមព្រៀងដែលអនុញ្ញាតឲ្យមានការដោះដូរចំណាប់ថ្នូរដែលក្រុមហាម៉ាសឃុំខ្លួន ជាមួយអ្នកទោសប៉ាឡេស្ទីននៅក្នុងពន្ធនាគារអ៊ីស្រាអែល៕


