មន្ត្រីបាននិយាយថា ប្រធានាធិបតីចិនលោក ស៊ី ជីនពីង (Xi Jinping) និងមេដឹកនាំសហភាពអឺរ៉ុប (EU) គ្រោងនឹងទៅបំពេញទស្សនកិច្ច នៅប្រទេសវៀតណាម ក្នុងប៉ុន្មានសប្តាហ៍ខាងមុខ ជាសកម្មភាពការទូតដែលកើតឡើង អំឡុងពេលមានហានិភ័យកើនឡើងកាន់តែខ្ពស់ពីពន្ធពាណិជ្ជកម្មរបស់សហរដ្ឋអាមេរិក។
ប្រទេសចិន សហភាពអឺរ៉ុប និងវៀតណាម មានអតិរេកពាណិជ្ជកម្មដ៏ធំជាមួយសហរដ្ឋអាមេរិក ហើយបានប្រឈមនឹងការដំឡើងពន្ធថ្មីពីរដ្ឋបាលរបស់លោក Donald Trump ដោយរំពឹងថា នឹងប្រកាសដាក់ចេញបន្ថែមទៀត នៅថ្ងៃពុធ (ទី២ ខែមេសា) នេះ។
មន្ត្រីវៀតណាម ២រូប ដែលដឹងដោយផ្ទាល់អំពីផែនការនេះ បានប្រាប់សារព័ត៌មាន Reuters ថា លោក ស៊ី ជីនពីង ត្រូវបានគេរំពឹងថា នឹងជួបជាមួយមេដឹកនាំវៀតណាម នៅទីក្រុងហាណូយ នាថ្ងៃទី១៤ ខែមេសា ជាអ្វីដែលនឹងក្លាយជាដំណើរទស្សនកិច្ចលើកទី២ របស់លោក នៅប្រទេសនេះ ក្នុងរយៈពេលមិនដល់ ១៨ខែ។
យ៉ាងណាក្ដី ក្រសួងការបរទេសចិន បានប្រាប់ថា ខ្លួនមិនមានព័ត៌មានអ្វីចែករំលែកនោះទេ នៅពេលដែលត្រូវបានសួរអំពីការធ្វើដំណើរនេះ នៅក្នុងសន្និសីទសារព័ត៌មាន កាលពីថ្ងៃចន្ទ (ទី៣១ ខែមីនា)។ ចំណែកក្រសួងការបរទេសវៀតណាមមិនបានឆ្លើយតបនឹងសំណើសុំការអត្ថាធិប្បាយឡើយ។
ជាមួយគ្នានេះ បើយោងតាមកម្មវិធីផ្លូវការ បានបង្ហាញថា ប៉ុន្មានថ្ងៃមុនដំណើរទស្សនកិច្ចរបស់លោក ស៊ី នាយករដ្ឋមន្ត្រីអេស្ប៉ាញលោក Pedro Sanchez គ្រោងនឹងជួបមេដឹកនាំវៀតណាម នៅថ្ងៃទី៩ ខែមេសា បន្ទាប់មកមានជំនួបជាមួយស្នងការពាណិជ្ជកម្ម EU លោក Maros Sefcovic។
លើសពីនោះទៀត បើតាមមន្ត្រី និងអ្នកការទូតអឺរ៉ុប បានបង្ហើបឲ្យដឹងថា ប្រធានាធិបតីបារាំង លោក Emmanuel Macron និងប្រធានគណៈកម្មការអឺរ៉ុប លោកស្រី Ursula von der Leyen ក៏គ្រោងនឹងបំពេញទស្សនកិច្ចនៅទីក្រុងហាណូយ ក្នុងប៉ុន្មានសប្តាហ៍បន្ទាប់ដែរ៕