រដ្ឋអាជ្ញាហូឡង់ កាលពីថ្ងៃអង្គារ (ទី១ ខែមេសា) បានប្រាប់ឲ្យដឹងថា បុរសម្នាក់ដែលបានដេញចាក់អ្នកដទៃទាំងកំរោល នៅទីក្រុង Amsterdam (អាំស្ទែរដាំ) កាលពីថ្ងៃព្រហស្បតិ៍សប្ដាហ៍មុន រហូតបណ្ដាលឲ្យមនុស្ស ៥នាក់រងរបួសនោះ ត្រូវបានសង្ស័យថា ប៉ុនប៉ងសម្លាប់ដោយមានចេតនាធ្វើអំពើភេរវកម្ម។
ជនសង្ស័យដែលនគរបាលបាននិយាយថា បានចូលក្នុងសណ្ឋាគារ នៅទីក្រុង Amsterdam កាលពីថ្ងៃពុធសប្តាហ៍មុននោះ គឺជាជនជាតិអ៊ុយក្រែនវ័យ ៣០ឆ្នាំ មកពីតំបន់ Donetsk។ អាជ្ញាធរមូលដ្ឋាន នឹងមិនផ្តល់ព័ត៌មានបន្ថែមអំពីអត្តសញ្ញាណរបស់ជនសង្ស័យនោះទេ។
រដ្ឋអាជ្ញាបានឲ្យដឹងថា៖ «បុរសរូបនេះត្រូវបានគេសង្ស័យពីបទប៉ុនប៉ងធ្វើឃាត ឬមនុស្សឃាតចំនួន ៥ករណី ដោយមានហេតុផលភេរវកម្មជំរុញចិត្ត»។
ជននោះត្រូវបានចាប់ខ្លួនភ្លាមៗ បន្ទាប់ពីមានហេតុការណ៍នោះ ដោយមានជំនួយពីអ្នកឈរមើល ខណៈរូបគេមានរបួសជើង។ ជនរងគ្រោះ រួមមានបុរសអាយុ ២៦ឆ្នាំមកពីប្រទេសប៉ូឡូញ ស្ត្រីជនជាតិបែលហ្ស៊ិកវ័យ ៧៣ឆ្នាំ នារីអាយុ ១៩ឆ្នាំមកពីទីក្រុង Amsterdam ព្រមទាំងស្ត្រីវ័យ ៦៧ឆ្នាំម្នាក់ និងបុរសវ័យ ៦៩ឆ្នាំ ដែលទាំង ២នាក់ជាជនជាតិអាមេរិក៕