រដ្ឋមន្ត្រីការពារជាតិអ៊ីស្រាអែល លោក Israel Katz បាននិយាយក្នុងអំឡុងដំណើរទស្សនកិច្ចទៅកាន់តំបន់វេសបែង(West Bank)កាលពីថ្ងៃអង្គារថា អ៊ីស្រាអែលនឹងមិនអនុញ្ញាតឲ្យអាជ្ញាធរប៉ាឡេស្ទីនគ្រប់គ្រងទឹកដីនេះទេ។
លោក Katz ត្រូវបានអមដំណើរដោយរដ្ឋមន្ត្រីហិរញ្ញវត្ថុស្តាំនិយមជ្រុលរបស់អ៊ីស្រាអែលលោក Bezalel Smotrich ដែលបាននិយាយថា អ៊ីស្រាអែល«នៅទីនេះ ដើម្បីស្នាក់នៅ»។
លោក Katz បាននិយាយថា៖«ខណៈដែលយើងកំពុងបង្ក្រាបអំពើភេរវកម្មនៅក្នុងជំរំ Jenin, Tulkarm និង Nur Shams យើងនឹងរារាំងការប៉ុនប៉ងណាមួយរបស់អាជ្ញាធរប៉ាឡេស្ទីន ដើម្បីគ្រប់គ្រងតំបន់មួយចំនួន នៅក្នុងតំបន់ភ្នំ Judea និង Samaria និងធ្វើឲ្យប៉ះពាល់ដល់ការតាំងទីលំនៅរបស់ជនជាតិជ្វីហ្វ។ តំបន់ភ្នំ Judea and Samaria គឺជាផ្នែករដ្ឋបាល ដែលអ៊ីស្រាអែលប្រើ ដើម្បីនិយាយសំដៅទៅតំបន់វេសបែងទាំងមូល។
អាជ្ញាធរប៉ាឡេស្ទីន គឺជាស្ថាប័នដែលទទួលស្គាល់ដោយអន្តរជាតិ ដែលគ្រប់គ្រងនៅផ្នែកខ្លះនៃតំបន់វេសបែង ជាទឹកដីប៉ាឡេស្ទីនដែលអ៊ីស្រាអែលបានរឹបអូស ក្នុងសង្រ្គាមមជ្ឈិមបូព៌ាឆ្នាំ ១៩៦៧។ អ៊ីស្រាអែលបានគ្រប់គ្រងទឹកដីនេះ តាំងពីពេលនោះមក ទោះបីជាមានការរិះគន់ពីអន្តរជាតិយ៉ាងណាក៏ដោយ។
ចាប់តាំងពីចុងខែមករាមក កងកម្លាំងអ៊ីស្រាអែល បានបើកប្រតិបត្តិការយោធាទ្រង់ទ្រាយធំ នៅតំបន់វេសបែង។ យោធាអ៊ីស្រាអែលតែងពណ៌នាប្រតិបត្តិការបែបនេះថា ជាវិធានការប្រឆាំងភេរវកម្ម ដែលកំណត់គោលដៅទៅលើក្រុមសកម្មប្រយុទ្ធ។