រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ លោក Seyed Abbas Araghchi កាលពីថ្ងៃអង្គារ បានអំពាវនាវឲ្យក្រុមឃ្លាំមើលនុយក្លេអ៊ែររបស់អង្គការសហប្រជាជាតិ ប្រកាន់ជំហរច្បាស់លាស់ ទាក់ទងនឹងការគំរាមកំហែងប្រឆាំងនឹងរោងចក្រនុយក្លេអ៊ែរសន្តិភាពរបស់ប្រទេសខ្លួន។
លោកបានធ្វើការអត្ថាធិប្បាយនៅក្នុងការសន្ទនាតាមទូរស័ព្ទ ជាមួយអគ្គនាយកនៃទីភ្នាក់ងារថាមពលបរិមាណូអន្តរជាតិ (IAEA) លោក Rafael Grossi ដែលជាក់ស្តែងសំដៅទៅលើការគំរាមកំហែងរបស់ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ (Donald Trump)កាលពីថ្ងៃអាទិត្យ ក្នុងការទម្លាក់គ្រាប់បែកលើទីតាំងនុយក្លេអ៊ែរអ៊ីរ៉ង់ ប្រសិនបើអ៊ីរ៉ង់បដិសេធមិនព្រមធ្វើកិច្ចព្រមព្រៀង ជាមួយទីក្រុងវ៉ាស៊ីនតោន ជុំវិញកម្មវិធីនុយក្លេអ៊ែររបស់ខ្លួននោះ។
លោក Araghchi បានលើកឡើងពីគោលនយោបាយទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរបស់អ៊ីរ៉ង់ជាមួយទីភ្នាក់ងារនេះ ដោយសង្កត់ធ្ងន់ថា ដោយសារការបន្តការគំរាមកំហែងប្រឆាំងនឹងអ៊ីរ៉ង់ ប្រទេសរបស់លោក នឹងអនុម័តវិធានការចាំបាច់ណាមួយ ដើម្បីការពារកម្មវិធីនុយក្លេអ៊ែររបស់ខ្លួន។
លោកក៏បានជម្រាបជូនលោក Grossi អំពីការវិវឌ្ឍន៍ចុងក្រោយបង្អស់ និងការពិគ្រោះយោបល់ការទូតអំពីកម្មវិធីនុយក្លេអ៊ែរសន្តិភាពរបស់ប្រទេសអ៊ីរ៉ង់។
ប្រធានទីភ្នាក់ងារថាមពលបរិមាណូអន្តរជាតិ (IAEA) បាននិយាយថា លោកនឹងពិគ្រោះយោបល់ជាមួយភាគីផ្សេងទៀត ដើម្បីបង្កើតបរិយាកាសអំណោយផល ដើម្បីជួយដោះស្រាយបញ្ហាដែលមានស្រាប់។
លោក Grossi បានស្នើសុំធ្វើទស្សនកិច្ចប្រទេសអ៊ីរ៉ង់ ដែលត្រូវបានយល់ព្រមដោយរដ្ឋមន្ត្រីការបរទេស នៃប្រទេសនេះ។
នៅក្នុងបទសម្ភាសន៍ជាមួយសារព័ត៌មាន NBC News កាលពីថ្ងៃអាទិត្យ លោក ត្រាំ បានគំរាមចាប់ ផ្តើម «ការវាយប្រហារយោធាដែលមិនធ្លាប់មានពីមុនមក»លើប្រទេសអ៊ីរ៉ង់ ប្រសិនបើទីក្រុងតេអេរ៉ង់ បដិសេធមិនចរចាអំពីកម្មវិធីនុយក្លេអ៊ែររបស់ខ្លួននោះ។