អង្គការលើកលែងទោសអន្តរជាតិ (Amnesty International) បានអំពាវនាវឲ្យប្រទេសហុងគ្រី ចាប់ខ្លួននាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក បេនចាមីន ណេតាន់យ៉ាហ៊ូ (Benjamin Netanyahu) បន្ទាប់ពីមានសេចក្តីរាយការណ៍ថា លោកនឹងទៅបំពេញទស្សនកិច្ចនៅរដ្ឋសមាជិកសហភាពអឺរ៉ុប នៅថ្ងៃពុធនេះ តាមការអញ្ជើញរបស់សមភាគីហុងគ្រី លោក Viktor Orban ។
លោក ណេតាន់យ៉ាហ៊ូ គឺជាកម្មវត្ថុនៃដីកាចាប់ខ្លួនដែលចេញដោយតុលាការឧក្រិដ្ឋកម្មអន្តរជាតិ(ICC)កាលពីខែវិច្ឆិកា ជុំវិញការប្រព្រឹត្តរបស់អ៊ីស្រាអែល នៅក្នុងតំបន់ហ្កាហ្សា។
លោក Orban ដែលជាសម្ព័ន្ធមិត្តជិតស្និទ្ធរបស់លោក ណេតាន់យ៉ាហ៊ូ បាននិយាយថា លោកនឹងមិន អនុវត្តដីកាចាប់ខ្លួននេះទេ។ ក្នុងនាមជារដ្ឋសមាជិក ហុងគ្រីត្រូវបានតម្រូវឲ្យអនុវត្តដីកាចាប់ខ្លួន ដែលចេញដោយតុលាការ ICC។
លោកស្រី Erika Guevara-Rosas ប្រធានផ្នែកស្រាវជ្រាវសកល ការតស៊ូមតិ និងគោលនយោបាយ នៅ អង្គការលើកលែងទោសអន្តរជាតិ បាននិយាយថា លោក ណេតាន់យ៉ាហ៊ូ «គឺជាឧក្រិដ្ឋជនសង្គ្រាមដែលត្រូវបានចោទប្រកាន់ថា បានប្រើប្រាស់ការបង្អត់អាហារ ជាវិធីសាស្រ្តនៃសង្គ្រាម វាយប្រហារជនស៊ីវិលដោយចេតនា និងឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិនៃការធ្វើឃាត ការធ្វើទុក្ខបុកម្នេញ និងអំពើអមនុស្សធម៌ផ្សេងទៀត»។
ក្នុងនាមជាសមាជិករបស់តុលការ ICC «ប្រទេសហុងគ្រី ត្រូវតែចាប់ខ្លួនលោក ណេតាន់យ៉ាហ៊ូ ប្រសិនបើលោកធ្វើដំណើរទៅប្រទេសនេះ ហើយប្រគល់ខ្លួនលោក ទៅឲ្យតុលាការនេះ។ ការធ្វើដំណើរណាក៏ដោយ ដែលលោកទៅកាន់រដ្ឋសមាជិក ICC ដែលមិនបានចាប់ខ្លួនលោកទេនោះ នឹងជំរុញអ៊ីស្រាអែលឲ្យប្រព្រឹត្តឧក្រិដ្ឋកម្មបន្ថែមទៀតប្រឆាំងនឹងប្រជាជនប៉ាឡេស្ទីន នៅក្នុងទឹកដីប៉ាឡេស្ទីន ដែលអ៊ីស្រាអែលគ្រប់គ្រង។