ក្រុមមន្ត្រី បាននិយាយថា ការផ្ទុះនៅរោងចក្រផលិតកាំជ្រួចខុសច្បាប់មួយកន្លែង នៅភាគខាងលិចប្រទេសឥណ្ឌា បានបណ្តាលឲ្យមនុស្ស ២១នាក់ ស្លាប់ និងជាច្រើននាក់ទៀត រងរបួស កាលពីថ្ងៃអង្គារ។
ការផ្ទុះដ៏ខ្លាំងការនេះ បាធ្វើឲ្យដុំថ្ម លោហៈ និងបំណែកសាកសពខ្ទាត់ចេញឆ្ងាយពីបរិវេណរោងចក្រ ក្នុងទីក្រុង Deesa ក្នុងរដ្ឋGujarat។
អ្នកនាំពាក្យរដ្ឋាភិបាលលោក Rishikesh Patel បានប្រាប់អ្នកយកព័ត៌មានថា៖«មានការផ្ទុះដ៏ធំមួយ នៅក្នុងរោងចក្រ បានបណ្តាលឲ្យដំបូលបេតុងបាក់រលំ» ដោយបានបញ្ជា្កក់ថា មានអ្នកស្លាប់ និងរងរបួសជាច្រើន។
មន្ត្រីនគរបាល លោក C. L. Solanki បាននិយាយថា ចំនួនមនុស្សស្លាប់ក្នុងឧបទ្ទវហេតុនៅរោងចក្រផលិតកាំជ្រួចនោះ មានចំនួន ២១នាក់»។
មន្ត្រីជាន់ខ្ពស់រដ្ឋាភិបាលស្រុក លោក Mihir Patel បាននិយាយថា៖«ការផ្ទុះដ៏ខ្លាំងក្លានេះ បានធ្វើឲ្យបំណែករាងកាយរបស់ជនរងគ្រោះមួយចំនួន ខ្ទាត់រាយប៉ាយ នៅក្នុងកសិដ្ឋានមួយ ដែលមានចម្ងាយ ២០០-៣០០ម៉ែត្រ ពីបរិវេណរោងចក្រនោះ។
លោក Patel បាននិយាយថា ក្រុមគ្រួសារជនរងគ្រោះ រស់នៅក្នុងបរិវេណរោងចក្រផលិតកាំជ្រួច ដែលដំណើរការដោយគ្មានអាជ្ញាប័ណ្ណ។
អាជ្ញាធរ បានបើកការស៊ើបអង្កេតលើឧប្បត្តិហេតុនេះ។
គួរបញ្ជាក់ផងដែរ កាំជ្រួច គឺមានការពេញនិយមណាស់ នៅក្នុងប្រទេសឥណ្ឌា ជាពិសេសក្នុងអំឡុងពេលពិធីបុណ្យ Diwali របស់សាសនាហិណ្ឌូ និងសម្រាប់ប្រើប្រាស់ ក្នុងអំឡុងពេលប្រារព្ធពិធីអាពាហ៍ពិពាហ៍។