នាយករដ្ឋមន្ត្រីអ៊ីរ៉ាក់ លោក ម៉ូហាម៉េដ សៀ អាល់ស៊ូដានី (Mohammed Shia' al-Sudani) និងប្រធានាធិបតីអ៊ីរ៉ង់ លោក Masoud Pezeshkian កាលពីថ្ងៃអង្គារ បានសង្កត់ធ្ងន់អំពីសារៈសំខាន់នៃការសម្របសម្រួល ក្នុងចំណោមប្រទេសឥស្លាម ក្នុងការដោះស្រាយបញ្ហាប្រឈម និងហានិភ័យរួម ក្នុងលក្ខណៈមួយ ដែលរួមចំណែកដល់ការសម្រេចបាននូវសន្តិសុខ និងស្ថិរភាពសម្រាប់ពិភពឥស្លាម។
លោក អាល់ស៊ូដានី បានទទួលការហៅទូរស័ព្ទពីលោក Pezeshkian ក្នុងអំឡុងពេល ដែលពួកគេបានផ្លាស់ប្តូរការស្វាគមន៍ក្នុងអំឡុងពិធីបុណ្យ Eid al-Fitr។ នេះបើយោងតាមសេចក្តីថ្លែងការណ៍ពីការិយាល័យប្រព័ន្ធផ្សព្វផ្សាយរបស់លោក អាល់ស៊ូដានី ។
សេចក្តីថ្លែងការណ៍ បានឲ្យដឹងថា លោក អាល់ស៊ូដានី បានអះអាងពីការបដិសេធរបស់អ៊ីរ៉ាក់ចំពោះការគំរាមកំហែងប្រឆាំងនឹងអ៊ីរ៉ង់ និងការយកចិត្តទុកដាក់ទៅលើសន្តិសុខ និងស្ថិរភាពរបស់ប្រទេសអ៊ីរ៉ង់។
សម្រាប់ផ្នែករបស់ខ្លួន លោក Pezeshkian បាននិយាយថា៖«អ៊ីរ៉ង់ប្តេជ្ញាអនុវត្តកិច្ចព្រមព្រៀងទ្វេភាគីទាំងអស់ និងដោយការពង្រឹងទំនាក់ទំនងជាបងប្អូនជាមួយអ៊ីរ៉ាក់ និងរដ្ឋមូស្លីម និងប្រទេសជិតខាងផ្សេងទៀត ដើម្បីបញ្ចប់ការឃុបឃិតរបស់ខ្មាំងសត្រូវ ក្នុងការធ្វើឲ្យមានការបែកបាក់ ក្នុងចំណោមប្រទេសក្នុងតំបន់»។ នេះបើយោងតាមសេចក្តីថ្លែងការណ៍ដែលបានចេញផ្សាយនៅលើគេហទំព័រការិយាល័យរបស់លោក។
មេដឹកនាំទាំងពីរ ក៏បានពិភាក្សាអំពីការពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគី លើវិស័យផ្សេងៗ ដើម្បីបម្រើផលប្រយោជន៍នៃប្រទេសទាំងពីរ និងប្រជាជនទាំងពីរ។