នាយករដ្ឋមន្រ្តីដាណឺម៉ាកលោកស្រី Mette Frederiksen បំពេញទស្សនកិច្ចទៅកាន់កោះពាក់កណ្តាលស្វយ័ត Greenland នាថ្ងៃពុធនេះ សម្រាប់ការជជែកពិភាក្សាជាមួយរដ្ឋាភិបាលជិតចូលកាន់អំណាចរបស់ដែនដីមួយនេះ ស្របពេលកើតមានការប្រឈមបង្កឡើងដោយសារមហិច្ឆិតារបស់ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Donald Trump ចង់គ្រប់គ្រងកោះនៅតំបន់អាក់ទិកមួយនេះ ។
ដំណើរទស្សនកិច្ចតាមការគ្រោងទុករយៈពេល ៣ថ្ងៃរបស់លោកស្រី Frederiksen បានកើតមានឡើងរយៈពេលតិចជាង ១សប្តាហ៍ ក្រោយដំណើរទស្សនកិច្ចរបស់អនុប្រធានាធិបតីសហរដ្ឋអាមេរិកលោក JD Vance មកកាន់ដែនដីនេះ គឺជាដំណើរមួយទទួលបានការទទួលភ្ញៀវគ្មានមេត្រីភាពពីក្រុមអាជ្ញាធរនៅប្រទេសដាណឺម៉ាក និងកោះ Greenland ។
នាយករដ្ឋមន្រ្តិជិតចូលកាន់តំណែងរបស់កោះ Greenland លោក Jens-Frederik Nielsen ដែលបានឈ្នះការបោះឆ្នោតសកលកាលពីខែមុន ហើយនិងបង្កើតរដ្ឋាភិបាលចម្រុះនោះ បាននិយាយថា លោកស្វាគមន៍ដំណើរទស្សនកិច្ចរបស់លោកស្រី Frederiksen ។

គួរឲ្យដឹងថា ទំនាក់ទំនងរវាងកោះ Greenland និងប្រទេសដាណឺម៉ាក បានជាប់គាំង ក្រោយការប្រកាសកាលពីរយៈពេលប៉ុន្មានឆ្នាំថ្មីៗនេះពីការធ្វើបាបជាប្រវត្តិសាស្រ្តលើអ្នកកោះ Greenlandក្រោមច្បាប់អាណានិគម ។
ទោះបីជាយ៉ាងណាក៏ដោយ ចំណាប់អារម្មណ៍របស់លោក Trump លើការធ្វើឲ្យកោះមួយនេះក្លាយជាផ្នែកមួយរបស់សហរដ្ឋអាមេរិក បានជំរុញឲ្យដាណឺម៉ាក ពន្លឿនការងាររបស់ពួកគេ ដើម្បីធ្វើឲ្យទំនាក់ទំនងល្អប្រសើរឡើងវិញជាមួយកោះមួយនេះ ។
ចំណែកឯលោកស្រី Aaja Chemnitz ដែលជាសមាជិកសភាដាណឺម៉ាក តំណាងឲ្យកោះ Greenland និយាយថា លោកស្រីស្វាគមន៍ដំណើរទស្សនកិច្ចមួយនេះ ។
លោកស្រីនិយាយប្រាប់ទីភ្នាក់ងារព័ត៌មានរ៉យទ័រថា ពួកយើងបានស្នើសុំឲ្យមានសំឡេងខាងក្រៅ នៅទីនេះ ហើយនិងគាំទ្រកោះ Greenland ៕

