អ្នកជំងឺសម្រាកលើគ្រែពេទ្យនៅកណ្តាលវាល ក្នុងរោងបណ្តោះអាសន្ន ស្ថិតក្នុងមន្ទីរពេទ្យក្រុងម៉ាន់ដាឡេ សហភាពមីយ៉ាន់ម៉ាដែលរងការវាយប្រហារដោយគ្រោះរញ្ជួយដី ហើយអង្គការសហប្រជាជាតិ(UN)និយាយថា ពួកគេមានការព្រួយបារម្ភជាខ្លាំងចំពោះការរីករាលដាលឆ្លងជំងឺអាសន្នរោគ ស្របពេលជួបកង្វះខាតគ្រឿងផ្គត់ផ្គង់ធ្ងន់ធ្ងរនោះ ។
វាចំពេលដែលមានក្តីកង្វល់ថ្មីរបស់ UNចំពោះកង្វះខាតទីជម្រក ទឹកស្អាត និងឱសថ ស្របពេលដែលប្រទេសញាំញីដោយសារភ្លើងសង្រ្គាមនេះ ព្យាយាមឆ្លើយតបគ្រោះមហន្តរាយធំរបស់ខ្លួន ។
ការរញ្ជួយដីកម្រិត ៧,៧រ៉ិចទ័រកាលពីថ្ងៃសុក្រសប្តាហ៍មុន គឺជាគ្រោះរញ្ជួយដីខ្លាំងក្លាបំផុតវាយប្រហារប្រទេសនៅអាស៊ីអាគ្នេយ៍មួយនេះ ក្នុងរយៈពេលជាង ១សតវត្សរ៍ ។
ទីភ្នាក់ងារជនភៀសខ្លួន UN បានចាត់ទុកស្ថានភាពគ្រោះរញ្ជួយដីថាជាវិបត្តិមនុស្សធម៌កម្រិតកំពូល ហើយពួកគេកំពុងចល័តស្តុកដូចជា កម្រាលប្លាស្ទិក សម្ភារៈដេក និងមុង ។
លោក Marcoluigi Corsi គឺជាអ្នកសម្របសម្រួលផ្នែកមនុស្សធម៌របស់ទីភ្នាក់ងារជំនួយ OCHA កំពុងនៅទីក្រុងយ៉ង់ហ្គោន ។
លោក Marcoluigi និយាយថា តម្រូវការបន្ទាន់សម្រាប់សហគមន៍រងផលប៉ះពាល់ដោយសារគ្រោះរញ្ជួយដី គឺបន្ទាន់ខ្លាំង ។ អ្នកមើលឃើញ ទីជម្រក ស្បៀងអាហារ ទឹកស្អាត និងរបស់របរប្រើប្រាស់ក្នុងផ្ទះសំខាន់ៗ ខ្វះខាតទាំងអស់ ។ មនុស្សមួយចំនួននៅក្នុងតំបន់រងផលប៉ះពាល់ ចំណាយពេលយប់នៅកណ្តាលវាល ។
ខណៈពេលនោះដែរ ហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ ដូចជាផ្លូវថ្នល់ និងស្ពាន រងការខូចខាតធ្ងន់ធ្ងរផងដែរ ។
ទីភ្នាក់ងារជនភៀសខ្លួន UN និយាយថា ក្រុមការងាររបស់ពួកគេចំណាយពេល ១៣ម៉ោង ដើម្បីធ្វើដំណើរទៅដល់ទីក្រុងម៉ាន់ដាឡេ ចេញពីទីក្រុងយ៉ង់ហ្គោន ដែលតាមធម្មតាពួកគេធ្វើដំណើរត្រឹមរយៈពេល ៨ម៉ោងប៉ុណ្ណោះ ។
ដោយឡែក អ្នកស្រី Julia Rees គឺជាអ្នកតំណាងមូលនិធិកុមារអន្តរជាតិ UNICEF ដែលស្ថិតនៅក្នុងទីក្រុងយ៉ង់ហ្គោនដែរនោះ និយាយថា មាននូវកង្វះខាតទឹកផឹកផងដែរ ហើយទីភ្នាក់ងារជំនួយជាច្រើន មានការព្រួយបារម្ភជាខ្លាំងចំពោះការរីករាលដាលឆ្លងជំងឺអាសន្នរោគ ៕