ប្រជាពលរដ្ឋមីយ៉ាន់ម៉ា នាំគ្នាតម្រង់ជួរយ៉ាងវែងនៅជំរំបណ្តោះអាសន្នរបស់ពួកគេ ស្ថិតក្នុងទីក្រុងម៉ាន់ដាឡេ ដែលរងការវាយប្រហារពីគ្រោះរញ្ជួយដី ស្របពេលដែលពួកគេរង់ចាំទទួលចំណីអាហារ ។
រូបភាពវីដេអូឃ្លីបដែលថតបានកាលពីថ្ងៃអង្គារ ឃើញទីក្រុងម៉ាន់ដាឡេ ក្លាយជាគំនរបាក់បែក ក្នុងនោះអគារនៅពីលើកម្ទេចកម្ទីរាយប៉ាយពាសពេញផ្លូវ ខណៈពលរដ្ឋកាន់ចាន ឈររង់ចាំជាជួរ ដើម្បីទទួលចំណីអាហារ ។
រូបភាពវីដេអូឃ្លីបនេះដែរ ឃើញជនមូស្លីមជួបជុំគ្នាធ្វើពិធីបួងសួងនៅទីសក្ការៈបូជាបណ្ណោះអាសន្នរបស់ពួកគេជិតព្រះវិហាររងការខូចខាតដោយសារការរញ្ជួយដី ។
សហភាពមីយ៉ាន់ ពិបាកងើបឡើងវិញ ក្រោយការរញ្ជួយដីកម្រិត ៧,៧រ៉ិចទ័រ បានអង្រួនប្រទេសរបស់ពួកគេកាលពីថ្ងៃសុក្រសប្តាហ៍មុន ដែលជាគ្រោះរញ្ជួយដីដ៏ខ្លាំងក្លាបំផុតក្នុងរយៈពេលជាង ១សតវត្សរ៍ ។
គ្រោះរញ្ជួយដីនេះដែរ បានបំផ្លិចបំផ្លាញវត្តអារាម និងអគារទំនើប ហើយនិងធ្វើឲ្យមានការខូចខាតធ្ងន់ធ្ងរនៅទីក្រុងធំបំផុតទី ២ម៉ាន់ដាឡេរបស់មីយ៉ាន់ម៉ា និងទីក្រុងណៃពិដោ ។
យោងតាមការអះអាងរបស់របបសឹកមីយ៉ាន់ម៉ា បានឲ្យដឹងថា មនុស្សយ៉ាងហោច ២.៨៨៦នាក់ ត្រូវបានសម្លាប់ មនុស្ស ៤.៦៣៩នាក់ រងរបួស និងមនុស្ស ៣៧៣នាក់ផ្សេងទៀត កំពុងបាត់ខ្លួន ៕