ប្រភពពីរដ្ឋាភិបាលកុងហ្គោ និងក្រុមឧទ្ទាម M23 ដែលគាំទ្រដោយប្រទេសរ៉្វាន់ដា កាលពីថ្ងៃអង្គារ (ទី១ ខែមេសា) បាននិយាយថា ភាគីជម្លោះទាំង២ មានបំណងបើកកិច្ចចរចាដោយផ្ទាល់ នៅថ្ងៃទី៩ ខែមេសា ដែលជាការជំរុញដ៏មានសក្តានុពលដល់កិច្ចប្រឹងប្រែងរបស់ប្រទេសកាតា ដើម្បីបញ្ចប់ការប្រយុទ្ធដ៏អាក្រក់បំផុតរបស់ប្រទេសអាហ្វ្រិកកណ្តាលមួយនេះ ដែលមានរយៈពេលជាច្រើនទសវត្សរ៍មកហើយ។
កិច្ចប្រជុំ នៅទីក្រុងដូហា នឹងក្លាយជាការចរចាដោយផ្ទាល់លើកដំបូងរបស់ភាគីទាំង២ ចាប់តាំងពីក្រុមយុទ្ធជន M23 បានដណ្តើមកាន់កាប់ទីក្រុងធំៗចំនួន២ នៅភាគខាងកើតកុងហ្គោ អំឡុងការវាយលុកដ៏លឿនរហ័ស ដែលបានបណ្តាលឲ្យមនុស្សរាប់ពាន់នាក់ស្លាប់ និងបង្ខំឲ្យរាប់សែននាក់ទៀតចាកចេញពីផ្ទះសម្បែងរបស់ពួកគេ។

មន្ត្រីកុងហ្គោម្នាក់បាននិយាយថា ការចរចានេះត្រូវបានគ្រោងធ្វើនៅថ្ងៃទី៩ ខែមេសា «ប្រសិនបើភាគីម្ខាងៗ មិនបានប្រព្រឹត្តពុំត្រឹមត្រូវទេនោះ»។ ជាមួយគ្នានេះ ប្រភពមួយពីខាងក្នុងក្រុម M23 បានបញ្ជាក់ពីកាលបរិច្ឆេទ ហើយបាននិយាយថា ក្រុមនេះនឹងបង្ហាញទៅទីក្រុង Kinshasa នូវការទាមទាររបស់ខ្លួន។ ប្រភពបានបន្តថា ភាគីទាំង២ បានព្រមព្រៀងមិនពិភាក្សាជាសាធារណៈពីខ្លឹមសារនៃកិច្ចពិភាក្សានោះទេ។
ប្រធានាធិបតីសាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ លោក Felix Tshisekedi និងសមភាគីរ៉្វាន់ដា លោក Paul Kagame បានរៀបចំកិច្ចប្រជុំដ៏គួរឱ្យភ្ញាក់ផ្អើលមួយ នៅទីក្រុង Doha កាលពីថ្ងៃទី១៨ ខែមីនា។ ប្រទេសកាតាបានរៀបចំកិច្ចចរចាជុំទី២ រវាងប្រទេសទាំង២ ដែលចាប់ផ្តើមនៅថ្ងៃសុក្រ ហើយបានជួបដាច់ដោយឡែកជាមួយតំណាងរបស់ក្រុម M23។ យ៉ាងណាក្ដី ប្រភពបានឲ្យដឹងបន្ថែមថា ទាំងមន្ត្រីកុងហ្គោ និងក្រុម M23 មិនទាន់បានជួបគ្នានៅឡើយ៕

