ក្រសួងការបរទេសចិននិយាយនៅថ្ងៃពុធនេះថា ក្រុមជួយសង្រ្គោះ និងក្រុមផ្គត់ផ្គង់របស់ចិននៅមីយ៉ាន់ម៉ា មានសុវត្ថិភាពទេ ក្រោយរបបសឹកគ្រប់គ្រងមីយ៉ាន់ម៉ា និយាយថា ទាហានរបស់ខ្លួនបានបាញ់ព្រមានជាច្រើនគ្រាប់ ពេលឃើញវត្តមានរបស់ក្បួនរថយន្តជំនួយកាកបាទក្រហមចិនកាលពីពេល ១ថ្ងៃមុន ។
អ្នកនាំពាក្យក្រសួងការបរទេសចិនលោក Guo Jiakun និយាយនៅក្នុងសន្និសីទសារព័ត៌មាននាថ្ងៃពុធនេះថា ចិនសង្ឃឹមថា ភាគីទាំងអស់នៅមីយ៉ាន់ម៉ា អាចទទួលយកការងារសង្រ្គោះការរញ្ជួយដី ថាជាការងារសំខាន់របស់ពួកគេ និងធានាសុវត្ថិភាពដល់បុគ្គលិកជួយសង្រ្គោះ និងសម្ភារៈពីប្រទេសទាំងអស់ រួមទាំងប្រទេសចិនផងដែរ ។
របបសឹកមីយ៉ាន់ម៉ា និយាយនៅថ្ងៃពុធនេះថា ទាហានរបស់ខ្លួនបានបាញ់ព្រមាន ពេលដែលក្បួនរថយន្តជំនួយកាកបាទក្រហមចិន មិនបានធ្វើតាមការណែនាំរបស់យោធាប្រាប់ឲ្យឈប់ ពេលកំពុងបើកបរនៅក្នុងតំបន់ជម្លោះ ។
អ្នកនាំពាក្យរបបសឹកលោក Zaw Min Tun និយាយថា ឧបទ្ទេវហេតុនេះ បានកើតឡើងកាលពីយប់ថ្ងៃអង្គារ ហើយក្រុមកាកបាទក្រហមចិន ពុំបានជូនដំណឹងដល់រដ្ឋាភិបាល ឬស្ថានទូតពីវត្តមានរបស់ពួកគេនៅតំបន់នោះឡើយ ។
លោកថា កងកម្លាំងសន្តិសុខបានបាញ់ព្រមាន ក្រោយក្បួនរថយន្តដែលរួមមានទាំងរថយន្តក្រុងស្រុក មិនព្រមឈប់តាមការណែនាំ ៕