ក្រសួងសង្រ្គោះបន្ទាន់រុស្ស៊ី និយាយនៅក្នុងសេចក្តីថ្លែងការណ៍ថា ក្រុមជួយសង្រ្គោះទីក្រុងម៉ូស្គូ កំពុងបន្តបេសកកម្មរុករក និងផ្តល់ជំនួយរបស់ពួកគេ នៅទីក្រុងម៉ាន់ដាឡេ សហភាពមីយ៉ាន់ម៉ា សម្រាប់រយៈពេល ៥ថ្ងៃជាប់ៗគ្នា ក្រោយការរញ្ជួយដីសម្លាប់មនុស្ស វាយប្រហារទីក្រុងមួយនេះ ។
របបសឹកមីយ៉ាន់ម៉ា និយាយថា មនុស្សយ៉ាងហោច ២.៨៨៦នាក់ ត្រូវបានសម្លាប់ មនុស្ស ៤.៦៣៩នាក់ រងរបួស និងមនុស្ស ៣៧៣នាក់ផ្សេងទៀត កំពុងបាត់ខ្លួន ។
លោក Ilya Zaslavskyគឺជាប្រធានក្រុមរុករករបស់ក្រសួងសង្រ្គោះបន្ទាន់រុស្ស៊ី និយាយថា ពួកយើងប្រើប្រាស់សុនខ ២ក្បាល ដើម្បីរុករកតាមទីតាំងគំនរបាក់បែក ។
លោកបន្តថា ដំបូងពួកយើងស្វែងរកអ្នករស់រាន ប៉ុន្តែសុនខរបស់ពួកយើងបង្ហាញថា គ្មានអ្នករស់រាននោះទេ ។ ពួកយើងបានប្រើប្រាស់សុនខ ដើម្បីស្វែងរកសាកសពជនរងគ្រោះ សុនខពួកយើងបង្ហាញទីតាំង ២កន្លែងដែលមានសាកសព ប៉ុន្តែក្លិននៅតែមាន ធ្វើឲ្យពួកយើងសន្មត់បានថា នៅមានសាកសពបន្ថែមទៀតនៅទីនោះ ។
សូមបញ្ជាក់ថា ការរញ្ជួយដីកម្រិត ៧,៧រ៉ិចទ័រកាលពីថ្ងៃសុក្រសប្តាហ៍មុន គឺជាគ្រោះរញ្ជួយដីខ្លាំងក្លាបំផុតវាយប្រហារប្រទេសនៅអាស៊ីអាគ្នេយ៍មួយនេះ ក្នុងរយៈពេលជាង ១សតវត្សរ៍ ។
ទីភ្នាក់ងារជនភៀសខ្លួន UN បានចាត់ទុកស្ថានភាពគ្រោះរញ្ជួយដីថាជាវិបត្តិមនុស្សធម៌កម្រិតកំពូល ហើយពួកគេកំពុងចល័តស្តុកដូចជា កម្រាលប្លាស្ទិក សម្ភារៈដេក និងមុង ទៅកាន់តំបន់រងគ្រោះ ៕