ក្រុមមន្រ្តីតំបន់ Kharkiv និយាយនៅថ្ងៃពុធនេះថា ទារកម្នាក់ ក្មេងប្រុសម្នាក់ និងជនស៊ីវិល ៦នាក់ បានរងរបួស នៅក្នុងការវាយប្រហារយានដ្រូនរុស្ស៊ីលើទីក្រុង Kharkiv ដែលជាការវាយប្រហារចុងក្រោយគេ ក្នុងចំណោមការវាយប្រហារលើទីក្រុងនៅឆ្ងាយពីព្រំដែនរុស្ស៊ីមួយនេះ ។
លោក Oleh Sinehubov គឺជាអភិបាលតំបន់ Kharkiv និយាយថា ទារកអាយុ ៩ខែម្នាក់ និងក្មេងប្រុសអាយុ ៩ឆ្នាំ ស្ថិតក្នុងចំណោមអ្នករងរបួស ។
ការវាយប្រហារនេះដែរ បានកើតមានឡើង ស្របពេលភាគីសង្រ្គាមទាំង ២ បានចោទប្រកាន់គ្នាទៅវិញទៅមកថា បានបំពានលើបទឈប់បាញ់ដោយផ្នែករៀបចំឡើងដោយសហរដ្ឋអាមេរិក លើការវាយប្រហារហេដ្ឋារចនាសម្ព័ន្ធថាមពល និងហេដ្ឋារចនាសម្ព័ន្ធក្នុងសមុទ្រខ្មៅ ។
កាលពីពេលថ្មីៗនេះ រុស្ស៊ីបានបង្កើនការវាយប្រហាររបស់ខ្លួនលើទីក្រុង Kharkiv ដែលជាទីក្រុងធំបំផុតទី ២របស់អ៊ុយក្រែន ដោយបានសម្លាប់មនុស្សយ៉ាងហោច ២នាក់ កាលពីចុងសប្តាហ៍កន្លងទៅ និងធ្វើឲ្យជនស៊ីវិល ១០នាក់រងរបួស ៕