កងកម្លាំងការពារអ៊ីស្រាអែល (IDF) បានរាយការណ៍ថា ការប៉ះទង្គិចគ្នាយ៉ាងខ្លាំងក្លា រវាងជនជាតិអ៊ីស្រាអែល និងប៉ាឡេស្ទីន កំពុងកើតឡើង នៅតំបន់វេសបែង( West Bank)។
កងកម្លាំងការពារអ៊ីស្រាអែល បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា៖«កាលពីព្រឹកថ្ងៃអង្គារ របាយការណ៍មួយ ត្រូវបានទទួលទាក់ទងនឹងជនស៊ីវិលអ៊ីស្រាអែលរាប់សិបនាក់ ដែលបានដុតបំផ្លាញទ្រព្យសម្បត្តិ នៅក្នុងតំបន់ Duma ។ ក្រោយមក ការប្រឈមមុខដាក់គ្នាដោយហិង្សា បានកើតឡើងរវាងជនស៊ីវិលអ៊ីស្រាអែល និងប៉ាឡេស្ទីន នៅក្នុងតំបន់ ហើយរបាយការណ៍បន្ថែមមួយ ត្រូវបានទទួលទាក់ទងនឹងជនជាតិប៉ាឡេស្ទីនជាច្រើននាក់ ដែលបានរងរបួសក្នុងឧបទ្ទវហេតុនេះ»។
សេចក្តីថ្លែងការណ៍ បានឲ្យដឹងថា កងកម្លាំង IDF និងនគរបាលអ៊ីស្រាអែល ត្រូវបានបញ្ជូនទៅកាន់កន្លែងកើតហេតុ ហើយបានចាប់ផ្តើមប្រតិបត្តិការបំបែកការប្រឈមមុខដាក់គ្នាដោយហិង្សា»។ «កងកម្លាំង IDF ថ្កោលទោសឧប្បត្តិហេតុនៃប្រភេទនេះ ហើយនឹងបន្តធ្វើសកម្មភាព ដោយការប្តេជ្ញាចិត្ត ដើម្បីរក្សាសន្តិសុខ និងសណ្តាប់ធ្នាប់ក្នុងតំបន់»។