រូបភាពវីដេអូឃ្លីបដែលបានបញ្ចេញនៅថ្ងៃពុធនេះដោយនាយកដ្ឋានពន្លត់អគ្គិភ័យមីយ៉ាន់ម៉ា ឃើញអ្វីដែលពួកគេនិយាយថា បុរសម្នាក់ ត្រូវបានទាញចេញទាំងរស់ពីគំនរបាក់បែកសណ្ឋាគារមួយកន្លែង ស្ថិតក្នុងទីក្រុងណៃពិដោ រយៈពេលជាង ១០០ម៉ោង ក្រោយការរញ្ជួយដីកម្រិត ៧,៧រ៉ិចទ័រ បានអង្រួនប្រទេសមួយនេះ ។
រូបភាពវីដេអូឃ្លីបនេះ ឃើញបុរសរស់រានម្នាក់ដឹងខ្លួន ដេកនៅក្រោមដី ខណៈក្រុមជួយសង្រ្គោះ បានទាញគាត់មកលើដី តាមចន្លោះតូចមួយ និងលើកគាត់ដាក់នៅលើគ្រែស្នែង ។
ចំណងជើងបង្ហោះជាមួយវីដេអូនៅលើគេហទំព័រ Facebook ផ្លូវការរបស់នាយកដ្ឋានពន្លត់អគ្គិភ័យមីយ៉ាន់ម៉ា និយាយថា មនុស្សម្នាក់ស្ថិតក្នុងចំណោមមនុស្ស ២នាក់ ជាប់នៅក្នុង ២ជាន់នៃសណ្ឋាគារ កម្ពស់ ៦ជាន់ Aye Chan Thar ស្ថិតនៅទីក្រុងណៃពិដោ ត្រូវបានសង្រ្គោះនៅមានជីវិត កាលពីវេលាម៉ោង ១២ និង ៣០នាទីថ្ងៃត្រង់ ថ្ងៃពុធនេះ ។
សហភាពមីយ៉ាន់ ពិបាកងើបឡើងវិញ ក្រោយការរញ្ជួយដីកម្រិត ៧,៧រ៉ិចទ័រ បានអង្រួនប្រទេសរបស់ពួកគេកាលពីថ្ងៃសុក្រសប្តាហ៍មុន ដែលជាគ្រោះរញ្ជួយដីដ៏ខ្លាំងក្លាបំផុតក្នុងរយៈពេលជាង ១សតវត្សរ៍ ។
យោងតាមការអះអាងរបស់របបសឹកមីយ៉ាន់ម៉ា បានឲ្យដឹងថា មនុស្សយ៉ាងហោច ២.៨៨៦នាក់ ត្រូវបានសម្លាប់ មនុស្ស ៤.៦៣៩នាក់ រងរបួស និងមនុស្ស ៣៧៣នាក់ផ្សេងទៀត កំពុងបាត់ខ្លួន ៕