ទូកកានូ៖ សហព័ន្ធកីឡាទូកកានូ និងរ៉ូអ៊ីងកម្ពុជាបានប្រកាសរៀបចំការប្រកួតកីឡាទូកប្រពៃណីខ្នាតអន្ដរជាតិ “ទូកនាគ” ទូកកានូ-កាយ៉ាក់ ទូករ៉ូអ៊ី ជ្រើសរើសជើងឯកថ្នាក់ជាតិ និងពានរង្វាន់សម្ដេចក្រឡាហោម ស ខេង លើកទី៨ ឆ្នាំ២០២១ នៅថ្ងៃទី២៣ ដល់ថ្ងៃទី២៥ ខែធ្នូខាងមុខនេះនៅព្រែកកំពត ខេត្តកំពត។

យោងតាមសេចក្ដីជូនដំណឹងរបស់សហព័ន្ធ ព្រឹត្តិការណ៍ប្រចាំឆ្នាំនេះនឹងចាប់ផ្ដើមទទួលពាក្យពីថ្ងៃជូនដំណឹងរហូតដល់ថ្ងៃទី២០ ខែធ្នូ ពោលគឺមុនការប្រកួតចាប់ផ្ដើម ៣ថ្ងៃ។ ការប្រកួតក្នុងបរិបទកូវីដនេះ សហព័ន្ធបានកំណត់សមាគម/ក្លិបចូលរួមត្រូវមានសមាជិកសរុបត្រឹម ១៦នាក់ប៉ុណ្ណោះ ហើយប្រតិភូ គ្រូបង្វឹក និងកីឡាករ-កីឡការិនីទាំងអស់ត្រូវចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ យ៉ាងតិច ២ដូសទើបមានសិទ្ធចូលរួមការប្រកួតថ្នាក់ជាតិនេះ នឹងធ្វើឡើងក្រោមគម្រោងថវិការបស់ក្រសួងអប់រំ យុវជន និងកីឡា សម្រាប់ពន្លឿនការអភិវឌ្ឍសហព័ន្ធកីឡាជាតិ ពិសេសសហព័ន្ធកីឡាទូកកានូ និងរ៉ូអ៊ីងដើម្បីជំរុញការអភិវឌ្ឍសមត្ថភាព និងបច្ចេកទេសរបស់កីឡាករ-កីឡាការិនី សម្រាប់ត្រៀមការប្រកួតអន្ដរជាតិនានា ពិសេសដំណើរឆ្ពោះទៅស៊ីហ្គេមនាឆ្នាំ២០២៣ នៅកម្ពុជា។
គួរដឹងថា ការប្រកួតកីឡាទូកប្រពៃណីខ្នាតអន្ដរជាតិ “ទូកនាគ” ទូកកានូ-កាយ៉ាក់ ទូករ៉ូអ៊ី ជ្រើសរើសជើងឯកថ្នាក់ជាតិក៏ដូចជាពានរង្វាន់សម្ដេចក្រឡាហោម ស ខេង ឆ្នាំ២០២១ ដែលសម្រេចរៀបចំនៅព្រែកកំពត ខេត្តកំពត បន្ទាប់ពីគណៈកម្មាធិការជាតិ CAMSOC ក៏ដូចជាសហព័ន្ធបានឯកភាពគ្នាក្នុងការកំណត់យកទីតាំងនេះ សម្រាប់ត្រៀមធ្វើម្ចាស់ផ្ទះនៃការប្រកួតកីឡាស៊ីហ្គេមឆ្នាំ២០២៣ លើប្រភេទកីឡាទូកនេះតែម្ដង៕
អត្ថបទ៖ លី ឈុនឡា