ប្រធានាធិបតីវេណេស៊ុយអេឡាលោក Nicolas Maduro បាននិយាយថា លោកបានស្នើសុំជំនួយពីអគ្គលេខាធិការអង្គការសហប្រជាជាតិ(UN)លោក Antonio Guterres ឲ្យជួយដោះលែងជនអន្តោប្រវេសន៍វេណេស៊ុយអេឡា ដែលជាប់ពន្ធនាគារមានសន្តិសុខខ្ពស់ ក្នុងប្រទេសអែល សាល់វ៉ាឌ័រ ។
អំឡុងបទសម្ភាសន៍ជាមួយទូរទស្សន៍កាលពីថ្ងៃអង្គារ លោក Maduro និយាយថា ពេលជជែកគ្នាតាមទូរស័ព្ទជាមួយប្រធានាធិបតីអែល សាល់វ៉ាឌ័រលោក Nayib Bukele លោកបានទាមទារឲ្យគាត់ផ្តល់បញ្ជីឈ្មោះមនុស្សជាប់ឃុំក្នុងពន្ធនាគារ តាងនាមឲ្យច្បាប់សិទ្ធិមនុស្សអន្តរជាតិ ។
គួរឲ្យដឹងថា រដ្ឋបាលរបស់ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Donald Trump បាននិរទេសជនអន្តោប្រវេសន៍វេណេស៊ុយអេឡា ២៣៨នាក់ ទៅកាន់ពន្ធនាគារអែល សាល់វ៉ាឌ័រ ដោយអះអាងថា ពួកគេគឺជាសមាជិកក្រុម Tren de Aragua ដែលជាក្រុមឧក្រិដ្ឋកម្មឆ្លងដែនមកពីវ៉េណេស៊ុយអេឡា ។
ទោះបីជាយ៉ាងណាក៏ដោយ ក្រុមគ្រួសារអ្នកជាប់ឃុំឃាំងនៅពន្ធនាគារអែល សាល់វ៉ាឌ័រ បាននិយាយច្រានចោលថា សាច់ញាតិរបស់ពួកគេ មិនមែនជាឧក្រិដ្ឋជននោះទេ ៕