រដ្ឋាភិបាលរបស់ប្រទេសទួរគី បានថ្កោលទោលការអំពាវនាវឲ្យធ្វើពហិការពាណិជ្ជកម្មដ៏ធំមួយ បន្ទាប់ពីអភិបាលក្រុងអ៊ីស្តង់ប៊ុល លោក Ekrem Imamoglu ត្រូវបានចាប់ខ្លួន ជាហេតុការណ៍ដែលបានបង្កឲ្យមានការតវ៉ាទូទាំងប្រទេស ដោយបានពណ៌នាការជំរុញបែបនេះ នៅថ្ងៃពុធ (ទី២ ខែមេសា) នេះថា ជា «ការប៉ុនប៉ងបំផ្លាញសេដ្ឋកិច្ច»។
ក្រោយមានការចាប់ខ្លួនលោកអភិបាលក្រុង កាលពី ២សប្តាហ៍កន្លងទៅ គណបក្សប្រឆាំងដ៏ធំ គឺបក្សសាធារណរដ្ឋប្រជាមានិតប្រជាធិបតេយ្យ (CHP) បានអំពាវនាវឲ្យធ្វើពហិការកុំទិញទំនិញ និងសេវាកម្មពីក្រុមហ៊ុនដែលមានទំនាក់ទំនងជាមួយរដ្ឋាភិបាលរបស់លោកប្រធានាធិបតី Tayyip Erdogan ។
ការអំពាវនាវនោះបានរីករាលដាលកាន់តែធំ នៅថ្ងៃពុធ ដោយមានរួមបញ្ចូលទាំងការផ្អាកទិញទំនិញរយៈពេល ១ថ្ងៃ ដោយជំរុញឲ្យហាងមួយចំនួនបិទទ្វារ ដើម្បីបង្ហាញសាមគ្គីភាពជាមួយអ្នក ដែលរិះគន់ការចាប់ខ្លួននេះថា មានហេតុផលផ្នែកនយោបាយ និងប្រឆាំងលទ្ធិប្រជាធិបតេយ្យ ក្នុងគោលបំណងបំផ្លាញឱកាសរបស់គណបក្សប្រឆាំង នៅក្នុងការបោះឆ្នោត។
លោក Imamoglu គឺជាគូប្រជែងនយោបាយដ៏សំខាន់របស់លោក Erdogan និងជាបេក្ខជនប្រធានាធិបតីរបស់គណបក្ស CHP សម្រាប់ការបោះឆ្នោតនាពេលខាងមុខ។
រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម លោក Omer Bolat បាននិយាយថា ការអំពាវនាវឲ្យធ្វើពហិការ បានបង្កការគំរាមកំហែងដល់ស្ថិរភាពសេដ្ឋកិច្ច និងបានចោទប្រកាន់អ្នកដែលតស៊ូមតិទាំងនោះថា បានប្រឹងប្រែងបំផ្លាញរដ្ឋាភិបាល។ ចំណែកអនុប្រធានាធិបតី លោក Cevdet Yilmaz បាននិយាយថា ការអំពាវនាវនេះ បានគំរាមកំហែងដល់សុខុមាលភាពសង្គម និងស្ថិរភាពសេដ្ឋកិច្ច ហើយត្រូវបាន «ធ្វើឲ្យបរាជ័យ»៕