រដ្ឋមន្ត្រីការបរទេសន័រវែស នៅថ្ងៃពុធ (ទី២ ខែមេសា) នេះ បាននិយាយថា ប្រទេសរបស់ខ្លួន ដែលជាសមាជិករបស់អង្គការណាតូ នឹងមិនដកខ្លួនចេញពីអនុសញ្ញាសកល ស្តីពីការហាមប្រាមមិនឲ្យប្រើប្រាស់គ្រាប់មីនប្រឆាំងមនុស្ស ដូចបណ្តាប្រទេសអឺរ៉ុបផ្សេងទៀតដែលមានព្រំប្រទល់ជាប់រុស្ស៊ី បានធ្វើនោះទេ។
ហ្វាំងឡង់បានឲ្យដឹងកាលពីថ្ងៃអង្គារថា ខ្លួនគ្រោងនឹងចាកចេញពីអនុសញ្ញាអូតាវ៉ាឆ្នាំ១៩៩៧ ដែលជាវិធីមួយ ដើម្បីកាត់បន្ថយការគំរាមកំហែងផ្នែកយោធាដែលបង្កឡើងដោយប្រទេសជិតខាងរុស្ស៊ី បន្ទាប់ពីប៉ូឡូញ និងបណ្ដាប្រទេសបាល់ទិក បានប្រកាសពីវិធានការស្រដៀងគ្នានេះ កាលពីខែមុន។
រដ្ឋមន្ត្រីការបរទេស លោក Espen Barth Eide បានប្រាប់សារព័ត៌មាន Reuters ថា ការសម្រេចនោះបានធ្វើឲ្យន័រវេសជាប្រទេសអឺរ៉ុបតែមួយគត់ដែលមានព្រំប្រទល់ជាប់រុស្ស៊ី មិនមានគម្រោងរៀបចំបង្កើតលទ្ធភាពស្តុកទុកគ្រាប់មីនប្រឆាំងមនុស្សជាថ្មីម្តងទៀត ប៉ុន្តែគោលនយោយបាយនៅតែអាចប្រែប្រួលបាន។
លោក Barth Eide បានលើកឡើងថា វាជារឿងសំខាន់ក្នុងការបន្តច្រានចោលជាសាកល ប្រឆាំងនឹងអាវុធដែលបំផ្លាញ និងសម្លាប់ជីវិតជាយូរមកហើយ បន្ទាប់ពីសង្រ្គាមបានបញ្ចប់ ហើយដើម្បីធានាបានថា ប្រភេទអាវុធមួយចំនួន ក្នុងនោះរួមទាំងអាវុធគីមី និងបាក់តេរីផងដែរ នៅតែត្រូវបានបដិសេធមិនឲ្យយកទៅប្រើប្រាស់ ក្នុងជម្លោះ។
ហើយនៅក្នុងបទសម្ភាសន៍មួយ លោក Barth Eide បាននិយាយថា៖ «ការសម្រេចដ៏ជាក់លាក់នេះ (ដោយប្រទេសហ្វាំងឡង់) គឺជាអ្វីដែលយើងសោកស្តាយ»៕