ក្រុមហ៊ួទី បានរាយការណ៍កាលពីថ្ងៃអង្គារថា កងកម្លាំងសហរដ្ឋអាមេរិក បានធ្វើការវាយប្រហារតាមអាកាសចំនួន ២២លើក លើគោលដៅរបស់ខ្លួន នៅក្នុងខេត្ត Sanaa និង Saada ភាគខាងជើងនៃប្រទេសយេម៉ែន ក្នុងរយៈពេលប៉ុន្មានម៉ោងកន្លងទៅនេះ។
យោងតាមសេចក្តីថ្លែងការណ៍ខ្លីមួយដែលផ្សាយដោយទូរទស្សន៍ al-Masirah របស់ក្រុមហ៊ួទី បានឲ្យដឹង ថា ការវាយប្រហារតាមអាកាសចំនួន ៥ នៅពេលព្រឹកព្រលឹម បានកំណត់គោលដៅលើតំបន់ Jarban ក្នុងស្រុក Sanhan ភាគអាគ្នេយ៍នៃទីក្រុង Sanaa ខណៈដែលការវាយប្រហារពីរផ្សេងទៀត បានធ្វើទៅលើ ស្រុក Bani Matar ភាគខាងលិចនៃរដ្ឋធានីនេះ។
សេចក្តីថ្លែងការណ៍ បានបញ្ជាក់បន្ថែមទៀតថា ខេត្ត Saada ដែលជាបន្ទាយរឹងមាំរបស់ក្រុមនេះ ត្រូវ រងការវាយប្រហារតាមអាកាសចំនួន ១៥ លើករបស់សហរដ្ឋអាមេរិក នៅយប់ ប៉ុន្តែមិនបានបង្ហាញពីទីតាំងជាក់លាក់ ដែលបានកំណត់គោលដៅនោះទេ។
ការវាយប្រហារនេះ បានកើតឡើង មួយថ្ងៃបន្ទាប់ពីការវាយប្រហារតាមអាកាសរបស់សហរដ្ឋអាមេរិក បានសម្លាប់មនុស្ស ពីរនាក់ និង កុមារម្នាក់ បានរងរបួស នៅក្នុងស្រុក Bani Qa'is ក្នុងខេត្ត Hajjah ភាគពាយ័ព្យនៃប្រទេសយេម៉ែន កាលពីថ្ងៃចន្ទ។ នេះបើយោងតាមអ្នកស្រុក និងអាជ្ញាធរសុខាភិបាលក្នុងតំបន់។
យោធាអាមេរិក បានបន្តការវាយប្រហារតាមផ្លូវអាកាសលើតំបន់ ដែលកាន់កាប់ដោយក្រុមហ៊ួទី នៅភាគខាងជើងប្រទេសយេម៉ែន ចាប់តាំងពីថ្ងៃទី ១៥ ខែមីនា ក្នុងគោលបំណងរារាំងក្រុមនេះពីការវាយប្រហារលើគោលដៅរបស់អ៊ីស្រាអែល កងទ័ពជើងទឹកអាមេរិក និងផ្លូវដឹកជញ្ជូនអន្តរជាតិ នៅក្នុងតំបន់។