បាល់ទាត់៖ ក្រុមបារាំង Paris Saint Germain បានខកខានជ័យជំនះនៅក្នុងទឹកដីខ្លួនឯងជាលើកដំបូងរដូវកាលនេះ ក្រោយស្មើ ០-០ ជាមួយនឹងក្រុមភ្ញៀវ Nice។ Lionel Messi ដែលទើបឈ្នះពាន Ballon d’Or លើកទី៧ របស់ខ្លួន រួមជាមួយខ្សែប្រយុទ្ធបារាំង Kylian Mbappe មិនអាចធ្វើអ្វីខ្សែការពារ និងអ្នកចាំទីរបស់ Nice បានឡើយក្នុងការប្រកួតដែលគ្មាន Neymar ដែលរងរបួសកជើងអវត្តមានពីក្រុមដល់ទៅ ៨សប្តាហ៍។

PSG គ្រប់គ្រងបាល់ និងមានឱកាសស៊ុតដល់ទៅ ២២ជើងតែរកមិនបានសូម្បីមួយគ្រាប់។ មុនការប្រកួតក៏មានការបង្ហាញពាន Ballon d’Or ផងដែរពី Lionel Messi និងអ្នកចាំទី Georgio Dunnarumma។ លទ្ធផលស្មើគ្នានេះក្រុមរបស់លោក Mauricio Pochettino នៅបន្តនាំមុខដាច់ ១២ពិន្ទុពីលើក្រុមលេខ២ Olympique Marseille ដែលយកឈ្នះនៅទឹកដី Nante ១-០ តែ Marseille នៅសល់ ១ប្រកួតក្នុងដៃ៕
អត្ថបទ៖នាង សុភាវុធ