នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu ចាប់ផ្តើមដំណើរទស្សនកិច្ចរយៈពេល ៤ថ្ងៃ ទៅកាន់ប្រទេសហុងគ្រី នាថ្ងៃព្រហស្បតិ៍ (ទី៣ ខែមេសា) ដោយផ្គើននឹងដីកាចាប់ខ្លួនរបស់តុលាការព្រហ្មទណ្ឌអន្តរជាតិ (ICC) ជុំវិញការចោទប្រកាន់ពីបទប្រព្រឹត្តឧក្រិដ្ឋកម្មសង្រ្គាម នៅតំបន់ហ្កាហ្សា ខណៈដែលអ៊ីស្រាអែល បានពង្រីកប្រតិបត្តិការយោធារបស់ខ្លួននៅក្នុងដែនដីនេះ។
ក្នុងនាមជាសមាជិកស្ថាបនិក ICC តាមទ្រឹស្ដី ហុងគ្រីមានកាតព្វកិច្ចចាប់ខ្លួន និងប្រគល់អ្នកណាម្នាក់ដែលស្ថិតនៅក្រោមដីកាតុលាការ ប៉ុន្តែនាយករដ្ឋមន្រ្តីហុងគ្រី លោក Viktor Orban បានបញ្ជាក់យ៉ាងច្បាស់ នៅពេលដែលលោកបានចេញលិខិតអញ្ជើញថា ហុងគ្រីនឹងមិនគោរពសេចក្តីសម្រេចនេះទេ។
លោក Netanyahu ដែលកំពុងជួបនឹងព្យុះនយោបាយ នៅក្នុងប្រទេស ជុំវិញការស៊ើបអង្កេតលើការសង្ស័យពីទំនាក់ទំនង រវាងប្រទេសកាតា និងជំនួយការ ៣នាក់របស់លោក នឹងត្រូវជួបលោក Orban មុនពេលមានសន្និសីទសារព័ត៌មាន នៅវេលាម៉ោងប្រហែល ១០ ម៉ោងសកល។ លោក Netanyahu បានច្រានចោលការចោទប្រកាន់ទាក់ទងនឹងជំនួយការរបស់លោកថា ជា «ព័ត៌មានក្លែងក្លាយ»។ មន្ត្រីកាតាម្នាក់បានបដិសេធការចោទប្រកាន់នេះ ដោយចាត់ទុកថា ជាផ្នែកនៃយុទ្ធនាការលាបពណ៌ប្រឆាំងនឹងកាតា។
ទស្សនកិច្ចនេះ នឹងទើបតែជាការធ្វើដំណើរលើកទី២ របស់លោក នៅក្រៅប្រទេស គិតចាប់តាំងពី ICC បានចេញដីកាចាប់ខ្លួន ទាំងចំពោះរូបលោក និងអតីតរដ្ឋមន្ត្រីការពារជាតិ លោក Yoav Gallant កាលពីខែវិច្ឆិកាឆ្នាំមុន។ លោកបានធ្វើដំណើរទៅទីក្រុងវ៉ាស៊ីនតោន កាលពីខែកុម្ភៈ ដើម្បីជួបជាមួយលោកប្រធានាធិបតីអាមេរិក លោក Donald Trump ដែលជាសម្ព័ន្ធមិត្តជិតស្និទ្ធ។ ទាំងអ៊ីស្រាអែល និងសហរដ្ឋអាមេរិក មិនមែនជាសមាជិករបស់ ICC ទេ ដោយទីក្រុងវ៉ាស៊ីនតោន បានលើកឡើងថា ICC មិនអាចប្រើសម្រាប់ការកាត់ទោសដោយមានហេតុផលនយោបាយឡើយ៕