នាយករដ្ឋមន្ត្រីក្រិក លោក Kyriakos Mitsotakis នៅថ្ងៃពុធ (ទី២ ខែមេសា) នេះ បានប្រាប់សភាថា ប្រទេសក្រិកមានបំណងចំណាយថវិកា ២៥ពាន់លានអឺរ៉ូ (២៦,៩៩ពាន់លានដុល្លារ) ជាផ្នែកនៃផែនការការពារជាតិរយៈពេលជាច្រើនឆ្នាំ។
ចំណាត់ការនេះ គឺជាផ្នែកមួយនៃការប៉ុនប៉ងរបស់ក្រិក ក្នុងការធ្វើទំនើបកម្មកងកម្លាំងប្រដាប់អាវុធរបស់ខ្លួន ខណៈដែលបានងើបចេញពីវិបត្តិបំណុលឆ្នាំ២០០៩-២០១៨ ដែលនាំមានភាពធូរស្រាលជាច្រើនឆ្នាំ និងខណៈដែលប្រទេសនេះប្រឹងប្រែងបន្តតាមឲ្យទាន់គូប្រជែងជាប្រវត្តិសាស្ត្ររបស់ខ្លួន គឺទួរគី។
មន្ត្រីដែលដឹងអំពីផែនការនេះ បានប្រាប់សារព័ត៌មាន Reuters កាលពីខែមីនាថា ផែនការនេះនឹងមានរយៈពេលរហូតដល់ឆ្នាំ២០៣៦ និងរួមបញ្ចូលទាំងការទិញនាវាមុជទឹកថ្មី យន្តហោះថ្មី យានដ្រូនក្នុងសមុទ្រ និងក្រោមទឹក ហើយនិងផ្កាយរណបទំនាក់ទំនង។ ថវិកាមួយផ្នែកនឹងត្រូវប្រើប្រាស់ ដើម្បីអភិវឌ្ឍអគារដោមប្រឆាំងយន្តហោះ និងយានដ្រូន ដែលឲ្យឈ្មោះថា «Achilles Shield»។
លោក Mitsotakis បានប្រាប់សមាជិកសភាថា ផែនការនេះមានន័យថា ក្រិកកំពុងវិនិយោគលើអធិបតេយ្យភាពរបស់ខ្លួន ប៉ុន្តែបានព្រមានថា ប្រទេសនឹងត្រូវការធានានូវភាពប្រុងប្រយ័ត្នផ្នែកសារពើពន្ធ បើទោះបីជាសហភាពអឺរ៉ុប (EU) គ្រោងចំណាយបន្ថែមទៀតលើវិស័យការពារជាតិក៏ដោយ។
ក្រិកដែលជាសមាជិក EU និងអង្គការណាតូ បានចំណាយប្រហែល ៣ភាគរយនៃផលិតផលក្នុងស្រុកសរុបរបស់ខ្លួនរួចហើយលើវិស័យការពារជាតិ។ កម្រិតនោះ គឺជិតទ្វេដងនៃមធ្យមភាគ នៅ EU ដែលកំពុងស្ថិតនៅក្រោមសម្ពាធក្នុងការឲ្យពង្រឹងវិស័យការពារជាតិ ខណៈដែលសម្ព័ន្ធភាពអាយុកាល ៧៥ឆ្នាំរបស់ប្លុក ជាមួយសហរដ្ឋអាមេរិក កំពុងស្ថិតក្នុងភាពតានតឹង៕