ជនប៉ាឡេស្ទីននៅតំបន់ហ្កាហ្សា និយាយថា ពួកគេពិតជាពិបាកទទួលបាននំបុ័ងខ្លាំងណាស់ ពេលដែលហាងដុតនំមួយចំនួន មិនអាចឈានដល់តម្រូវការរបស់ពួកគេ ដោយសារកង្វះខាតម៉្សៅ ប្រេងឥន្ធនៈ និងតម្រូវការចាំបាច់ជាច្រើនទៀត ។ ហាងដុតនំមួយកន្លែងលែងមានអ្វីទៀតហើយ ក្រោយពេលបញ្ឈប់ប្រតិបត្តិការនៅទីក្រុងហ្កាហ្សា ។
ប្រធានសមាគមដុតនំនៅតំបន់ហ្កាហ្សាលោក Abdul Nasser Al-Ajrami និយាយថា ពួកគេត្រូវបានជូនដំណឹងដោយកម្មវិធីស្បៀងអាហារពិភពលោក (WFP)ថា កម្មវិធីមួយនេះនឹងត្រូវឈប់ប្រតិបត្តិការរបស់ខ្លួន ដោយសារហេតុផលជាច្រើន រួមទាំងការបិទច្រកឆ្លងកាត់ព្រំដែន និងកង្វះខាតស្តុកម៉្សៅ ស្ករ អំបិល ឬប្រេងម៉ាស៊ូត ។
នៅក្នុងសារបង្ហោះនៅលើបណ្តាញព័ត៌មានសង្គម Xកាលពីថ្ងៃចន្ទដើមសប្តាហ៍នេះ កម្មវិធី WFPនិយាយថា ពួកគេមានស្បៀងនៅតំបន់ហ្កាហ្សា ល្មមគ្រប់គ្រាន់គាំទ្រប្រតិបត្តិការរបស់ពួកយើងត្រឹមរយៈពេល ២សប្តាហ៍ទៀតប៉ុណ្ណោះ ។
ពួកគេបន្តថា បច្ចុប្បន្ន WFP គាំទ្រហាងនំធ្វើនំបុ័ង ផ្ទះបាយចំអិនអាហារក្តៅ និងចែកចាយកញ្ចប់ស្បៀងដោយផ្ទាល់ទៅដល់ក្រុមគ្រួសារប៉ាឡេស្ទីន ដែលគ្រួសារនិមួយៗប្រឈមនឹងស្តុកទាបបំផុតជាប់កំណត់ត្រានៅក្នុងតំបន់ហ្កាហ្សាស្រ្ទីប ។
ក្រុមមន្រ្តីប៉ាឡេស្ទីន បាននិយាយកាលពីខែមុនថា ការផ្អាករបស់អ៊ីស្រាអែល មិនអនុញ្ញាតឲ្យជំនួយចូលក្នុងតំបន់ហ្កាហ្សា បង្កផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ដែនដីបិទច្រកមួយនេះ ក្នុងនោះហាងដុតនំមួយចំនួន បានបិទទ្វារ ហើយតម្លៃស្បៀងអាហារហក់ឡើងខ្ពស់កប់ពពក ខណៈដែលការកាត់ផ្តាច់ការផ្គត់ផ្គង់អគ្គិសនី អាចនាំឲ្យជនប៉ាឡេស្ទីនគ្មានទឹកស្អាតប្រើប្រាស់ ។
ការផ្អាកដែលអ៊ីស្រាអែលនិយាយថាមានគោលបំណងដាក់សំពាធលើក្រុមជីវពលហាម៉ាសនៅក្នុងកិច្ចប្រជុំបទឈប់បាញ់នោះ បានដាក់លើការនាំចូលស្បៀងអាហារ ឱសថ និងប្រេងឥន្ធនៈ ។
លោក Jens Laerke គឺជាអ្នកនាំពាក្យការិយាយល័យសម្របសម្រួលកិច្ចការមនុស្សធម៌ប្រចាំតំបន់ហ្កាហ្សា បាននិយាយកាលពីសប្តាហ៍មុនថា ស្តុកស្បៀងអាហារ និងការផ្គត់ផ្គង់ឱសថ បានអស់លឿនខ្លាំងណាស់ ពេលដែលក្រុមអាជ្ញាធរអ៊ីស្រាអែល រាំងខ្ទប់ជំនួយពីការឆ្លងកាត់ចូលទៅក្នុងដែនដីមួយនេះ ចាប់តាំងពីថ្ងៃទី ២ ខែមីនារហូតមក ៕