ក្រុមមេដឹកនាំអឺរ៉ុបបានប្រតិកម្មជាមួយការខកចិត្តចំពោះការដំឡើងពន្ធដ៏ខ្ពស់ថ្មីរបស់អាមេរិកដែលប្រកាសដោយប្រធានាធិបតីអាមេរិកលោក Donald Trump កាលពីថ្ងៃពុធសប្ដាហ៍នេះ ដោយប្តេជ្ញារួមគ្នាសងសឹក ទន្ទឹមនឹងបណ្ដាប្រទេសជាច្រើនលើពិភពលោកមិនពេញចិត្ត។

ការប្រកាសថាជា"ថ្ងៃរំដោះ"របស់លោកTrump លោកបានដំឡើងពន្ធ២០%លើការនាំចូលទាំងអស់ពីសហភាពអឺរ៉ុប ដែលមាន២៧ប្រទេស។លោកTrumpបាននិយាយថាពួកគេបានលួចបន្លំពីអាមេរិក ។
ការដំឡើងពន្ធនេះ បានទាក់ទាញការស្តីបន្ទោសយ៉ាងឆាប់រហ័ស និងការសន្យាឆ្លើយតបពីបណ្ដារដ្ឋធានីរបស់សហភាពអឺរ៉ុប ដែលបានត្រៀមខ្លួនជាយូរមកហើយសម្រាប់ការវាយលុកសេដ្ឋកិច្ចរបស់លោក Trump ។
នាយករដ្ឋមន្ត្រីអៀរឡង់លោក Micheál Martin បាននិយាយថា ការដំឡើងពន្ធនេះ គឺ "អាក្រក់សម្រាប់សេដ្ឋកិច្ចពិភពលោក" ហើយនឹងធ្វើឱ្យប៉ះពាល់ដល់ទំនាក់ទំនងអន្តរអាត្លង់ទិក។

លោក Martin និយាយថា យើងពុំមើលឃើញហេតុផលសម្រាប់រឿងនេះទេទំនិញ និងសេវាកម្មមានតម្លៃជាង៤,២ពាន់លានអឺរ៉ូត្រូវបានជួញដូររវាងសហភាពអឺរ៉ុប និងសហរដ្ឋអាមេរិកប្រចាំថ្ងៃ។ការរំខានដល់ទំនាក់ទំនងដែលរួមបញ្ចូលគ្នាយ៉ាងស៊ីជម្រៅនេះគ្មាននរណាម្នាក់ទទួលបានផលចំណេញទេ។
នាយករដ្ឋមន្ត្រីស៊ុយអែតលោក Ulf Kristersson ក៏បានបញ្ចេញប្រតិកម្មស្រដៀងគ្នានេះដែរ ដោយលើកហេតុផលថាការដំឡើងពន្ធនេះ បានប្រឆាំងនឹងសហគ្រាស និងការប្រកួតប្រជែងសេរី ដែលបានចាក់គ្រឹះនៃភាពជោគជ័យរបស់បស្ចិមប្រទេស។

នាយករដ្ឋមន្ត្រីប៉ូឡូញ លោក Donald Tusk បានអំពាវនាវឱ្យមានការដំឡើងពន្ធបដិការពិតប្រាកដរវាងអឺរ៉ុប និងសហរដ្ឋអាមេរិក។ លោកថាការសម្រេចចិត្តគ្រប់គ្រាន់ គឺត្រូវការជាចាំបាច់ ។
ចក្រភពអង់គ្លេស រួមជាមួយប្រទេសអូស្ត្រាលី ប្រេស៊ីល សិង្ហបុរី និងអារ៉ាប៊ីសាអ៊ូឌីត ស្ថិតក្នុងចំណោមប្រទេសផ្សេងទៀត ដែលរងការដំឡើងពន្ធ១០%៕