ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅថ្ងៃនេះ បានប្រកាសជាសាធារណៈថា សម្តេចគាំទ្រឱ្យកូនធ្វើជានាយករដ្ឋមន្ត្រីបន្ត បន្ទាប់ពីសម្តេច ប៉ុន្តែមិនមែនក្រៅពីការបោះឆ្នោតនោះទេ។
ក្នុងឱកាសអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់សម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវហេដ្ឋារចនាសម្ព័ន្ធផ្លូវ៣៧ខ្សែ ស្ថានីយ ប្រព្រឹត្តិកម្មទឹកកខ្វក់ចំនួនពីរកន្លែង និងសមិទ្ធផលនានាមួយចំនួនទៀត នៅខេត្តព្រះសីហនុ នាព្រឹកថ្ងៃទី២ ខែធ្នូនេះ សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា ការបន្តពីឪពុកមកកូននេះ កន្លងមកសម្តេចក៏គិតថាចង់ផ្តាច់ដែរ ប៉ុន្តែដោយពួកក្រុមអ្នកវិភាគចេះតែបន្តវិភាគច្រើនពេក ដូច្នេះ សម្តេចសូមយកវេទិកានេះ ប្រកាសជាផ្លូវការតែម្តងទៅថា សម្តេចគាំទ្រ កូនឱ្យធ្វើជានាយករដ្ឋមន្ត្រី តែដោយការបោះឆ្នោត។
សម្តេចតេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រី បានបន្តថា ដំណែងនាយករដ្ឋមន្ត្រីនេះ មិនមែនតែករណីសម្តេចនេះទេ នៅប្រទេសមួយចំនួនលើលោកក៏មានករណីនេះដែរ៕
អត្ថបទ៖ មុត សុទ្ធ