ការលក់ប្រចាំត្រីមាសរបស់ក្រុមហ៊ុនរថយន្តអាមេរិក Tesla ដ៏ទំនើប បានធ្លាក់ចុះយ៉ាងខ្លាំងដល់ទៅ ១៣% ដល់កម្រិតខ្សោយបំផុតក្នុងរយៈពេលជិត ៣ឆ្នាំ ដោយសារតែប្រតិកម្មប្រឆាំងនឹងរឿងនយោបាយរបស់ប្រធានក្រុមហ៊ុនគឺលោកមហាសេដ្ឋី Elon Musk ព្រមទាំងកំណើនការប្រកួតប្រជែងជាសកល និងអ្នកទិញដែលរង់ចាំការបង្កើនភាពទាន់សម័យ ចំពោះរថយន្តអគ្គិសនីដែលលក់ដាច់បំផុតរបស់ Tesla គឺម៉ូដែល Y ។

ក្នុងអំឡុងខែមករា ដល់ខែមីនា ក្រុមហ៊ុននេះនៅទូទាំងពិភពលោក បានកត់ត្រាការធ្លាក់ចុះនៃអត្រាលក់ច្រើនជាងការរំពឹងទុកមកត្រឹម ៣៣៦.៨១០គ្រឿង ពោលគឺធ្លាក់ចុះពីតួលេខ ៣៨៦.៦៨១គ្រឿងកាលពីឆ្នាំមុន។ អត្រាលក់ខ្សោយខ្លាំងក្នុងកំឡុងត្រីមាសទី១ នេះបង្ហាញថា ម៉ាកយីហោរថយន្តដែលធ្លាប់ឈានមុខគេរបស់អាមេរិកមួយនេះ កំពុងវិលវល់ក្នុងភាពរង្គោះរង្គើ ខណៈក្រុមហ៊ុនពន្យារពេលការដាក់ចេញម៉ូដែលថ្មីអស់ជាច្រើនឆ្នាំ ហើយនៅពេលលោក Musk ដើរចូលក្នុងនយោបាយនៅអាមេរិក និងអឺរ៉ុប។

លើសពីនេះ ការតវ៉ាប្រឆាំងនឹងលោក Musk នៅខាងក្រៅទីតាំងបង្ហាញរថយន្ត Tesla បានផ្ទុះឡើង ហើយរថយន្ត និងស្ថានីយ៍សាកថ្មអគ្គិសនីរបស់ Tesla នៅទូទាំងពិភពលោក បានក្លាយជាគោលដៅសម្រាប់ការបំផ្លិចបំផ្លាញ។ ម្ចាស់រថយន្ត Tesla មួយចំនួនបានកំពុងចង់ផ្ដាច់ខ្លួនពីលោក Musk ហើយទិន្នន័យបានបង្ហាញថា មនុស្សជាច្រើនកំពុងលក់ថយន្តរបស់ពួកគេ។

ភាគហ៊ុនរបស់ក្រុមហ៊ុន Tesla បានធ្លាក់ចុះ ៧% កាលពីព្រឹកថ្ងៃពុធ (០២ មេសា) ប៉ុន្តែបានផ្លាស់ប្តូរទិសដៅវិញ បន្ទាប់ពីរបាយការណ៍ Politico ដែលថា លោក Musk គ្រោងនឹងលាលែងពីតួនាទីជាទីប្រឹក្សារបស់លោកប្រធានាធិបតីអាមេរិក Donald Trump ក្នុងពេលឆាប់ៗ ដោយសារអ្នកផ្ទៃក្នុងផ្នែករដ្ឋបាលមើលឃើញថាមហាសេដ្ឋីរូបនេះលូកដៃចូលផ្នែកនយោបាយកាន់តែជ្រៅ ប៉ុន្តែសេតវិមានបានច្រានចោលរបាយការណ៍នោះ៕