នគរបាលបានដាក់ពង្រាយកម្លាំងការពារសន្តិសុខតឹងរ៉ឹងបំផុតទីពីរនៅថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ មួយថ្ងៃមុនពេលតុលាការធម្មនុញ្ញប្រកាសសាលក្រមរបស់ខ្លួនលើសំណុំរឿងចោទប្រកាន់ប្រធានាធិបតីលោក Yoon Suk Yeol ជុំវិញការដាក់ច្បាប់អាជ្ញាសឹករបស់លោកដែលបានបរាជ័យ។

ការរឹតបន្តឹងសន្តិសុខកម្រិតខ្ពស់ បានដាក់ពាក់កណ្តាលនៃកងកម្លាំងនគរបាលដែលមានទាំងអស់ជាការត្រៀមគ្រាអាសន្ន ខណៈការត្រៀមកម្រិតខ្ពស់បំផុត នឹងត្រូវបានចេញនៅថ្ងៃសុក្រ និងចាត់តាំងកងកម្លាំងទាំងមូល គ្រប់គ្រងស្ថានភាព។

កងកម្លាំងនគរបាលបានដាក់ពង្រាយប្រតិបត្តិការនៅតំបន់មានភាពតានតឹងកម្រិតទាបនៅជិតតុលាការធម្មនុញ្ញរួចទៅហើយ ដោយបិទតំបន់នោះក្នុងទំហំ១៥០ ម៉ែត្រជុំវិញតុលាការ អមដោយរថយន្តនគរបាលជាច្រើនគ្រឿង។
នៅថ្ងៃសុក្រស្អែកនេះ នគរបាលគ្រោងនឹងដាក់ពង្រាយបុគ្គលិកប្រមាណ ១៤.០០០ នាក់ក្នុងទីក្រុងសេអ៊ូល។
ទន្ទឹមនឹងនោះ ក្រុមអ្នកតវ៉ា ទាំងអ្នកបង្ហាញការគាំទ្រ ទាំងអ្នកប្រឆាំង លោក Yoon សុទ្ធតែបានត្រៀមប្រមូលផ្ដុំអង្គុយនៅយប់ថ្ងៃព្រហស្បតិ៍នេះ។ ក្រុមប្រឆាំងលោក Yoon នឹងប្រមូលផ្តុំគ្នានៅមុខស្ថានីយ៍រថភ្លើង Anguk នៅម៉ោង ៧ យប់នេះ រួចដើរទៅកាន់តុលាការធម្មនុញ្ញ។ក្រុមនេះគ្រោងនឹងអង្គុយពេញមួយយប់នៅមុខស្ថានីយ Anguk ក្បែរតុលាការធម្មនុញ្ញ និងមើលការសម្រេចចោទប្រកាន់ដែលបានកំណត់នៅម៉ោង ១១ ព្រឹក ថ្ងៃសុក្រ។

ចំណែកក្រុមអ្នកតវ៉ាគាំទ្រលោក Yoonដែលត្រូវគេស្គាល់ថាក្រុមអ្នកការពារប្រធានាធិបតីសាធារណៈ នឹងប្រមូលផ្ដុំគ្នាជិតការិយាល័យប្រធានាធិបតី ក្នុងតំបន់ Yongsan កណ្ដាលរដ្ឋធានីសេអ៊ូល នៅម៉ោង១០ព្រឹក៕