ផ្លូវខេត្តលេខ ២៧៩ តាមមាត់ទន្លេមេគង្គ ស្ថិតក្នុងភូមិសាស្ត្រស្រុកព្រែកប្រសព្វ ខេត្តក្រចេះ មានប្រវែងសរុប ៧៣,៥០គីឡូម៉ែត្រ បាននឹងកំពុងស្ថាបនាជួសជុលក្រាលកៅស៊ូ DBST តាមគម្រោផែនការឆ្នាំជាបន្តបន្ទាប់។
នេះយោងតាមការបញ្ជាក់ឲ្យដឹងពីលោក សាំង ប៊ុនថេន ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តក្រចេះ ។
កំណាត់ផ្លូវខេត្តលេខ ២៧៩ មួយខ្សែរនេះ គឺជាផ្លូវខេត្តមួយ ដែលតភ្ជាប់ពីស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម ជាមួយស្រុកព្រែកប្រសព្វ និងស្រុកសំបូរ នៃខេត្តក្រចេះ ហើយក៏ជាខ្សែរផ្លូវដែលតភ្ជាប់ទៅខេត្តស្ទឹងត្រែង តាមស្រុកសៀមបូក ផងដែរ ។
គូសបញ្ជាក់ថា កំណាត់ផ្លូវខេត្តលេខ ២៧៩ នេះ ស្ថិតក្នុងស្រុកព្រែកប្រសព្វ មានឃុំចំនួន ៧ ឃុំ គឺឃុំឬស្សីកែវ ឃុំចំបក់ ឃុំតាម៉ៅ ឃុំកំពង់គរ ឃុំព្រែកប្រសព្វ ឃុំសោប និងឃុំជ្រោយបន្ទាយ ។
កំណាត់ផ្លូវខេត្តលេខ ២៧៩ នេះ មានប្រវែងសរុប ៧៣,៥០គីឡូម៉ែត្រ បាននឹងកំពុងស្ថាបនាជួសជុលក្រាលកៅស៊ូ DBST បានប្រវែង ៤០,៦៩គីឡូម៉ែត្រ និងកម្រាលដីល្បាយថ្ម ជាប្រភេទគ្រួសក្រហម មានប្រវែង ៣២,៨១គីឡូម៉ែត្រស្ថិតក្នុងគម្រោងថែទាំជាប្រចាំ ។
នៅក្នុងផែនការឆ្នាំ២០២៥នេះ ឃុំសោប និងឃុំជ្រោយបន្ទាយ កំពុងស្ថាបនាក្រាលកៅស៊ូ DBSTមានប្រវែងជាង៥គីឡូម៉ែត្រ៕ អត្ថបទ៖ សេង ម័រ







