អាជ្ញាធរកូរ៉េខាងត្បូងកាលពីថ្ងៃពុធ បានរកឃើញថ្នាំញៀនកូកាអ៊ីនប្រហែល ២តោន នៅលើនាវាមួយគ្រឿងដែលបានចូលចតនៅកំពង់ផែមួយ ជាអ្វីដែលមើលទៅដូចជាការរត់ពន្ធគ្រឿងញៀនដ៏ធំបំផុត ក្នុងប្រវត្តិសាស្ត្ររបស់ប្រទេសនេះ។
សេវាគយបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា សេវាគយកូរ៉េខាងត្បូង និងឆ្មាំឆ្នេរសមុទ្រ បានរកឃើញ កេសគ្រឿងញៀនដែលសង្ស័យចំនួន ៥៧ កេស នៅលើនាវាធំមួយគ្រឿង ដែលបានចូលចត នៅកំពង់ផែទីក្រុងកង់ណង់(Gangneung) នៅឆ្នេរសមុទ្រភាគខាងកើតនៃឧបទ្វីបកូរ៉េ។
អាជ្ញាធរកូរ៉េខាងត្បូង បាននិយាយថា ពួកគេបានស្វែងរកនាវានេះ បន្ទាប់ពីទទួលបានព័ត៌មានពីការិយាល័យស៊ើបអង្កេតសហព័ន្ធ (FBI ) និងក្រសួងសន្តិសុខមាតុភូមិរបស់សហរដ្ឋអាមេរិក។
សេចក្តីថ្លែងការណ៍ បានបញ្ជាក់ថា នាវានេះ បានចាប់ផ្តើមធ្វើដំណើររបស់ខ្លួន ក្នុងប្រទេសម៉ិកស៊ិក ហើយបានធ្វើដំណើរ ឆ្លងកាត់ប្រទេសអេក្វាឌ័រ ប៉ាណាម៉ា និងប្រទេសចិន មុនពេលទៅដល់កំពង់ផែកង់ណង់(Gangneung)របស់ប្រទេសកូរ៉េខាងត្បូង។
ភ្នាក់ងារគយបានប៉ាន់ប្រមាណទម្ងន់នៃគ្រឿងញៀនដែលសង្ស័យថា មានប្រហែលមួយតោន ប៉ុន្តែវាមាន ទម្ងន់ទេ្វដង បន្ទាប់ពីថ្លឹងកេសទាំងអស់នោះរួច។
អ្នកនាំពាក្យគយ បាននិយាយថា បរិមាណកូកាអ៊ីនដែលសង្ស័យនេះ មានទម្ងន់លើសពីកំណត់ត្រាមុនរបស់ប្រទេសកូរ៉េខាងត្បូងសម្រាប់ថ្នាំញៀន ដែលត្រូវបានរត់ពន្ធនោះ គឺថ្នាំញៀនមេតំហ្វេតាមីនចំនួន ៤០៤គីឡូក្រាម ដែលបានរកឃើញ ក្នុងឆ្នាំ ២០២១ ។