ប្រទេសម៉ិកស៊ិក និងកាណាដាបានចៀសផុតពីវិធានការពន្ធថ្មី កាលពីថ្ងៃពុធ (ទី២ ខែមេសា) ដោយលោកប្រធានាធិបតី Donald Trump បានលើកលែងឲ្យដៃគូពាណិជ្ជកម្មធំជាងគេទាំង ២ របស់សហរដ្ឋអាមេរិកពីបន្ទាត់ពន្ធសកល ១០ភាគរយថ្មីរបស់លោក បើទោះបីជាកាតព្វកិច្ចពីមុន នៅតែមានដដែលក៏ដោយ។
ទំនិញពីម៉ិកស៊ិក និងកាណាដា ដែលអនុលោមតាមកិច្ចព្រមព្រៀងពាណិជ្ជកម្មសហរដ្ឋអាមេរិក-ម៉ិកស៊ិក-កាណាដា (USMCA) រវាងប្រទេសទាំង៣ នឹងនៅតែត្រូវបានលើកលែងពន្ធយ៉ាងច្រើន លើកលែងតែការនាំចេញរថយន្ត និងដែកថែប និងអាលុយមីញ៉ូម ដែលស្ថិតនៅក្រោមគោលនយោបាយដំឡើងពន្ធដាច់ដោយឡែក។
គួររំលឹកថា លោក Trump ពីមុននេះ បានដាក់ពន្ធ ២៥ភាគរយលើប្រទេសម៉ិកស៊ិក និងកាណាដា ដោយសារការអនុវត្តមិនបានគ្រប់គ្រាន់ ក្នុងការទប់ស្កាត់ជនអន្តោប្រវេសន៍ និងការជួញដូរហ្វង់តានីល ប៉ុន្តែក្រោយមកបានលុបចោលវិល សម្រាប់ទំនិញដែលអនុលោមតាម USMCA។
ឯកសារសង្ខេបរបស់សេតវិមាន បានបង្ហាញថា៖ «សម្រាប់ប្រទេសកាណាដា និងម៉ិកស៊ិក ក្រឹត្យពាក់ព័ន្ធនឹងសារធាតុហ្វង់តានីល/ជនអន្តោប្រវេសន៍ដែលមានស្រាប់ នៅតែមានប្រសិទ្ធភាពដដែល ហើយមិនរងប៉ះពាល់ដោយវិធានការថ្មីនេះទេ»៕