ប្រធានាធិបតីអាមេរិក លោក Donald Trump បានប្រាប់មជ្ឈដ្ឋានខាងក្នុងរបស់លោក ក្នុងនោះរួមទាំងសមាជិកនៃគណៈរដ្ឋមន្ត្រីផងដែរថា លោក Elon Musk នឹងដកខ្លួនចេញក្នុងប៉ុន្មានសប្តាហ៍ខាងមុខនេះ ពីតួនាទីបច្ចុប្បន្នរបស់លោក។
បើយោងតាមមជ្ឈដ្ឋានខាងក្នុងរបស់លោក Trump ចំនួន ៣នាក់ បាននិយាយក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះថា លោកប្រធានាធិបតី នៅតែពេញចិត្តនឹងលោក Musk និងគំនិតផ្តួចផ្តើមពីក្រសួងប្រសិទ្ធភាពរដ្ឋាភិបាល (DOGE) របស់លោក ប៉ុន្តែឥស្សរជនទាំង ២រូប បានសម្រេចចិត្តក្នុងរយៈពេលប៉ុន្មានថ្ងៃថ្មីៗនេះថា ឆាប់ៗនេះ នឹងដល់ពេលដែលលោក Musk ត្រលប់ទៅផ្ដោតតែលើអាជីវកម្មរបស់លោកវិញ ហើយធ្វើតួនាទីជាអ្នកគាំទ្រ។
ដំណឹងនៃការចាកចេញរបស់លោក Musk កើតមានឡើងក្នុងពេលដែលមជ្ឈដ្ឋានខាងក្នុងរដ្ឋបាលលោក Trump មួយចំនួន និងសម្ព័ន្ធមិត្តខាងក្រៅជាច្រើន បានខកចិត្តជាមួយនឹងភាពមិនអាចទាយទុកជាមុនបានរបស់លោក និងការមានទស្សនៈខ្លាំងឡើងៗ ដែលថា លោកមហាសេដ្ឋីរូបនេះជាអ្នកមានឥទ្ធិពលខាងនយោបាយ ជាអ្វីដែលបានបង្ហាញយ៉ាងច្បាស់លាស់ កាលពីថ្ងៃអង្គារ នៅពេលដែលចៅក្រមអភិរក្សនិយមដែលលោក Musk គាំទ្រ បានបរាជ័យក្នុងការដណ្ដើមកៅអីតុលាការកំពូល Wisconsin (Wisconsin Supreme Court) ចំនួន ១០ពិន្ទុ។
យ៉ាងណាក្ដី មន្ត្រីរដ្ឋបាលជាន់ខ្ពស់ម្នាក់ បាននិយាយថា លោក Musk ទំនងជារក្សាតួនាទីទីប្រឹក្សាក្រៅផ្លូវ និងបន្តមានមុខម្តងម្កាល នៅជុំវិញបរិវេណសេតវិមាន។ តែមន្ត្រីម្នាក់ទៀតបានព្រមានថា អ្នកណាដែលគិតថា លោក Musk នឹងបាត់ខ្លួនទាំងស្រុងពីគន្លងផ្លូវរបស់លោក Trump គឺ «ច្រឡំធំហើយ»៕