សមាជិកព្រឹទ្ធសភាគណបក្សប្រជាធិបតេយ្យ បានផ្ញើលិខិតមួយច្បាប់ទៅរដ្ឋបាលរបស់លោក Donald Trump កាលពីថ្ងៃពុធ (ទី២ ខែមេសា) ដោយរិះគន់នូវអ្វីដែលពួកគេហៅថា ជាការឆ្លើយតបជំនួយរបស់សហរដ្ឋអាមេរិក ចំពោះគ្រោះរញ្ជួយដី នៅសហភាពមីយ៉ាន់ម៉ា ដែលប្រទេសចិន និងរុស្ស៊ី បានបញ្ជូនក្រុមជួយសង្គ្រោះ និងជំនួយទៅ។
សមាជិកព្រឹទ្ធសភាចំនួន ៦រូប បានឲ្យដឹងនៅក្នុងលិខិតនោះថា សហរដ្ឋអាមេរិកហាក់ដូចជាបរាជ័យ ក្នុងការសាកល្បងដំបូងនៃសមត្ថភាពរបស់ខ្លួន ក្នុងការឆ្លើយតបទៅនឹងវិបត្តិមនុស្សធម៌ បន្ទាប់ពីរដ្ឋបាលរបស់លោក Trump កាត់បន្ថយជំនួយបរទេសយ៉ាងច្រើន និងការរុះរើទីភ្នាក់ងារសហរដ្ឋអាមេរិក សម្រាប់ការអភិវឌ្ឍន៍អន្តរជាតិ (USAID) ដែលជាទីភ្នាក់ងារជំនួយដ៏សំខាន់នោះ។

សមាជិកព្រឹទ្ធសភាបានសរសេរថា៖ «យើងមានការព្រួយបារម្ភយ៉ាងខ្លាំង ដែលការឆ្លើយតបរបស់រដ្ឋបាលនេះ បរាជ័យក្នុងការបំពេញតាមគោលដៅសីលធម៌ និងយុទ្ធសាស្ត្ររបស់យើង ដែលជាការបញ្ជូនសញ្ញាមួយ ទៅកាន់ប្រទេសជុំវិញពិភពលោកថា ក្រុមគូប្រជែងរបស់យើង មានភាពជឿជាក់ និងគួរឲ្យទុកចិត្តបានជាងសហរដ្ឋអាមេរិក»។
សហរដ្ឋអាមេរិកមិនបានបញ្ជូនក្រុមជំនួយជំនាញណាមួយទៅសហភាពមីយ៉ាន់ម៉ាទេ បន្ទាប់ពីមានគ្រោះរញ្ជួយដី កាលពីថ្ងៃទី២៨ ខែមីនា។ បើយោងតាមមេដឹកនាំយោធាដែលកំពុងកាន់អំណាចនៃប្រទេសមីយ៉ាន់ម៉ា បានឲ្យដឹងថា មនុស្សជាង ២៧.០០០នាក់ បានបាត់បង់ជីវិត ខណៈអគារនៅទីនោះ និងនៅក្នុងប្រទេសជិតខាងថៃ បានបាក់រលំ។ របបយោធាបានសុំជំនួយពីប្រទេសដទៃ។ ចិន រុស្សី និងឥណ្ឌា បានបញ្ជូនក្រុម និងជំនួយផ្គត់ផ្គង់ទៅ ហើយប្រទេសថៃ ម៉ាឡេស៊ី វៀតណាម និងសិង្ហបុរីកដ៏ដូចគ្នាដែរ៕

