ប្រទេសហុងគ្រី បាននិយាយនៅថ្ងៃព្រហស្បតិ៍នេះថា ខ្លួននឹងចាប់ផ្តើមនីតិវិធីនៃការដកខ្លួនចេញពីសាលាក្តីសកលអចិន្ត្រៃយ៍តែមួយគត់របស់ពិភពលោក សម្រាប់ឧក្រិដ្ឋកម្មសង្គ្រាម និងអំពើប្រល័យពូជសាសន៍។
លោក Gergely Gulyás ដែលជាប្រធានបុគ្គលិករបស់លោកនាយករដ្ឋមន្ត្រី Viktor Orbán បានសរសេរនៅក្នុងសេចក្តីថ្លែងការណ៍ខ្លីមួយថា៖«ហុងគ្រីនឹងដកខ្លួនចេញពីតុលាការឧក្រិដ្ឋកម្មអន្តរជាតិ (icc)» ។ «រដ្ឋាភិបាល នឹងចាប់ផ្តើមនីតិវិធីដកខ្លួនចេញ នៅថ្ងៃព្រហស្បតិ៍នេះ ស្របតាមក្របខ័ណ្ឌរដ្ឋធម្មនុញ្ញ និង ច្បាប់អន្តរជាតិ»។
ការប្រកាសនេះ បានធ្វើឡើង នៅពេលដែលនាយករដ្ឋមន្ត្រីអ៊ីស្រាអែលលោក បេនចាមីន ណេតាន់យ៉ាហ៊ូ (Benjamin Netanyahu) បានទៅដល់រដ្ឋធានីប៊ុយដាប៉េស ( Budapest) នៃប្រទេសហុងគ្រី បើទោះបីជាមានដីកាចាប់ខ្លួនអន្តរជាតិប្រឆាំងនឹងលោក ជុំវិញការធ្វើសង្រ្គាមរបស់លោក នៅតំបន់ហ្កាហ្សាស្ទ្រីបក៏ដោយ។
រដ្ឋាភិបាលនៃប្រទេសហុងគ្រី ដឹកនាំដោយអ្នកស្តាំនិយមជ្រុលលោក Orbán បានអញ្ជើញលោក ណេតាន់យ៉ាហ៊ូ កាលពីខែវិច្ឆិកា បន្ទាប់ពីតុលាការ ICC ដែលមានមូលដ្ឋាននៅទីក្រុងឡាអេ ប្រទេសហូឡង់ បានចេញដីកាចោទប្រកាន់លោកពីបទឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ។