ប្រមុខអង្គការណាតូ (NATO) លោក Mark Rutte និងឯកអគ្គរដ្ឋទូតថ្មីរបស់សហរដ្ឋអាមេរិក បានស្វែងរកការធានាឡើងវិញ ចំពោះសម្ព័ន្ធមិត្តអឺរ៉ុប នៅថ្ងៃព្រហស្បតិ៍ (ទី៣ ខែមេសា) នេះ ដែលថា ទីក្រុងវ៉ាស៊ីនតោន នឹងនៅតែប្តេជ្ញាចិត្ត ចំពោះសម្ព័ន្ធមិត្តយោធាលោកខាងលិច បើទោះបីជាមានពាក្យសម្តីរិះគន់ធ្ងន់ៗពីលោកប្រធានាធិបតី Donald Trump ក៏ដោយ។
ការលើកឡើងបែបនោះបានកើតមានឡើង នៅពេលរដ្ឋមន្ត្រីការបរទេសរបស់អង្គការណាតូ បានជួបជុំគ្នានៅទីក្រុងប្រ៊ុចសែល ប្រទេសបែលហ្ស៊ិក ដោយថ្នាក់ដឹកនាំអឺរ៉ុប សង្ឃឹមថា រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Marco Rubio នឹងធ្វើឲ្យអស់សង្ស័យអំពីជំហររបស់សហរដ្ឋអាមេរិក ទោះបីជាមានភាពតានតឹងកើនឡើង ជុំវិញពន្ធពាណិជ្ជកម្មតឹងរ៉ឹងថ្មីរបស់លោក Trump ក៏ដោយ។
ជំនឿរបស់អ៊ឺរ៉ុបលើសហរដ្ឋអាមេរិក ក្នុងនាមជាអ្នកការពារដ៏ធំបំផុតរបស់ទ្វីបប្រឆាំងនឹងការវាយប្រហារណាមួយពីប្រទេសរុស្ស៊ីនោះ ត្រូវបានរង្គោះរង្គើយ៉ាងខ្លាំង ដោយការប៉ុនប៉ងរបស់ Trump ក្នុងការលើកកម្ពស់ឡើងវិញនូវទំនាក់ទំនង ជាមួយទីក្រុងមូស្គូ និងការដាក់សម្ពាធយ៉ាងខ្លាំងលើទីក្រុងគីវ ខណៈដែលរូបលោកស្វែងរកការបញ្ចប់សង្រ្គាម នៅអ៊ុយក្រែន។
លើសពីនេះ ទីក្រុងវ៉ាស៊ីនតោន បានប្រាប់ប្រទេសអឺរ៉ុបដោយត្រង់ៗ ក្នុងរយៈពេលប៉ុន្មានខែថ្មីៗនេះថា ខ្លួនមិនអាចផ្តោតជាចម្បងលើសន្តិសុខរបស់ទ្វីបនេះទៀតទេ ហើយពួកគេនឹងត្រូវចំណាយបន្ថែមទៀតលើវិស័យការការពារជាតិ។ ពាក្យសម្ដី និងវិធានការរបស់រដ្ឋបាល Trump បានធ្វើឲ្យមានមន្ទិលសង្ស័យ អំពីអនាគតរបស់អង្គការណាតូ ដែលជាប្លុកឆ្លងមហាសមុទ្រអាត្លង់ទិក ពោលគឺជាមូលដ្ឋានគ្រឹះនៃសន្តិសុខអឺរ៉ុបអស់រយៈពេល ៧៥ឆ្នាំមកហើយ។
តែយ៉ាងណាក្ដី លោក Rutte បាននិយាយនៅមុនកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសថា សហរដ្ឋអាមេរិកមិនមានគម្រោងដកវត្តមានយោធារបស់ខ្លួនចេញពីទ្វីបអឺរ៉ុបភ្លាមៗនោះទេ បើទោះបីជាមានការទាមទារឲ្យបណ្តាប្រទេស នៅអឺរ៉ុប ទទួលខុសត្រូវការការពារដោយផ្ទាល់ខ្លួនក៏ដោយ៕