នគរបាលប្រឆាំងភេរវកម្មអង់គ្លេស បាននិយាយកាលពីថ្ងៃព្រហស្បតិ៍នេះថា ពួកគេបានចាប់ខ្លួនបុរសពីរនាក់ដែលត្រូវបានចោទប្រកាន់ថា មានទំនាក់ទំនងជាមួយក្រុមហេសបូឡា ដែលត្រូវបានហាមឃាត់ ដោយបានបញ្ជាក់ថា ការស៊ើបអង្កេតរបស់ពួកគេពាក់ព័ន្ធនឹងសកម្មភាពដែលត្រូវបានសង្ស័យទាំង នៅបរទេស និងក្នុងប្រទេសអង់គ្លេស។
អ្នកស៊ើបអង្កេតមកពីទីបញ្ជាការប្រឆាំងភេរវកម្មនៅទីក្រុងឡុងដ៍ (CTC) បានចាប់ខ្លួនបុរសអាយុ ៣៩ ឆ្នាំនៅភាគខាងជើងទីក្រុងឡុងដ៍ ដោយសង្ស័យថា ជាសមាជិកនៃក្រុមដែលត្រូវបានចាត់តាំង រៀបចំអំពើភេរវកម្ម និងជាប់ពាក់ព័ន្ធក្នុងការផ្តល់មូលនិធិសម្រាប់គោលបំណងនៃអំពើភេរវកម្ម។
បុរសទី២អាយុ ៣៥ឆ្នាំ ត្រូវបានចាប់ខ្លួន នៅភាគខាងលិចទីក្រុងឡុងដ៍ ដោយសង្ស័យថា ជាសមាជិកនៃអង្គការដែលត្រូវគេហាមឃាត់នេះ។
លោកមេបញ្ជាការ Dominic Murphy ប្រធានទីបញ្ជាការប្រឆាំងភេរវកម្មនៅទីក្រុងឡុងដ៍ (CTC) បាននិយាយថា៖« ការស៊ើបអង្កេតរបស់យើង នៅតែបន្ត ប៉ុន្តែខ្ញុំសង្ឃឹមថា ការចាប់ខ្លួនទាំងនេះ បង្ហាញថា យើងនឹងចាត់វិធានការយ៉ាងម៉ឺងម៉ាត់ប្រឆាំងនឹងនរណាម្នាក់នៅទីនេះ ដែលយើងសង្ស័យថា មានជាប់ពាក់ព័ន្ធក្នុងសកម្មភាពភេរវកម្ម មិនថាសកម្មភាពរបស់ពួកគេផ្តោតនៅទីនេះ ក្នុងចក្រភពអង់គ្លេស ឬកន្លែងផ្សេងទៀតឡើយ»។
នគរបាល បាននិយាយថា ការស៊ើបអង្កេតពាក់ព័ន្ធនឹងចលនាហេសបូឡាហ៍នៅប្រទេសលីបង់ ដែលគាំទ្រដោយអ៊ីរ៉ង់ ដែលចក្រភពអង់គ្លេស បានហាមឃាត់នៅក្នុងឆ្នាំ ២០១៩ នៅពេលដែលទីក្រុងឡុងដ៍ បានចាត់ទុកក្រុមនេះ ជាក្រុមភេរវករ ដោយបានបន្ថែមថា មិនមានការគំរាមកំហែងដល់សាធារណជនភ្លាមៗទេ។