អ្នកស្រុកហ្កាហ្សារាប់រយពាន់នាក់ កំពុងរត់ភៀសខ្លួនទៅស្វែងរកទីជម្រកសុវត្ថិភាព នៅព្រហស្បតិ៍ (ទី៣ ខែមេសា) នេះ ដែលជាការភៀសខ្លួនមួយ ក្នុងចំណោមការភៀសសឹកដ៏ធំបំផុត អំឡុងពេលមានសង្គ្រាមនេះ ខណៈដែលកងកម្លាំងអ៊ីស្រាអែលបានរុលចូលទៅដល់ទីក្រុងដែលរងការបំផ្លិចបំផ្លាញខ្ទេចខ្ទី គឺ Rafah ដែលត្រូវបានប្រកាសថ្មីៗថា ជាផ្នែកនៃ «តំបន់សន្តិសុខ» ដែលពួកគេមានបំណងដណ្តើមកាន់កាប់។
មួយថ្ងៃបន្ទាប់ពីការប្រកាសពីគោលបំណងរបស់ខ្លួន ក្នុងការដណ្ដើមគ្រប់គ្រងលើផ្នែកដ៏ធំនៃតំបន់ដែលមានមនុស្សរស់នៅណែនណាន់តាន់តាប់ កងកម្លាំងអ៊ីស្រាអែលបានរុលចូលទៅក្នុងទីក្រុងនេះ នៅជាយភាគខាងត្បូងនៃតំបន់ហ្កាហ្សា ដែលបានកា្លយជាជម្រកចុងក្រោយ សម្រាប់ប្រជាជនដែលភៀសខ្លួនចេញពីតំបន់ផ្សេងទៀត ពេញមួយសង្រ្គាមនេះ។
ក្រសួងសុខាភិបាលនៃតំបន់ហ្កាហ្សា បានប្រាប់ឲ្យដឹងថា មនុស្សយ៉ាងតិច ៩៧នាក់ បានបាត់បង់ជីវិត អំឡុងការវាយប្រហាររបស់អ៊ីស្រាអែល ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយនេះ ក្នុងនោះរួមទាំងយ៉ាងហោចណាស់ ២០នាក់ ដែលត្រូវបានសម្លាប់នៅក្នុងការវាយប្រហារតាមអាកាសមួយនាព្រឹកព្រលឹម នៅជាយក្រុង Shejaia នៃទីក្រុងហ្កាហ្សាផងដែរ។
ឪពុកនៃកូនៗចំនួន ៧នាក់ ដែលស្ថិតក្នុងចំណោមអ្នកភៀសឹករាប់សែននាក់ពីទីក្រុង Rafah ទៅទីក្រុងជិតខាង Khan Younis បានប្រាប់សារព័ត៌មាន Reuters ថា ទីក្រុង Rafah «បានបាត់បង់ហើយ។ វាកំពុងត្រូវបានលុបបំបាត់ហើយ»។
គួរបញ្ជាក់ថា ការវាយប្រហារដើម្បីដណ្តើមយកទីក្រុង Rafah គឺជាការកើនឡើងយ៉ាងខ្លាំងនូវភាពតានតឹង នៅក្នុងសង្គ្រាមដែលអ៊ីស្រាអែលបានចាប់ផ្តើមឡើងវិញ កាលពីខែមុន បន្ទាប់ពីបានបោះបង់ចោលដោយជាក់ស្ដែងនូវបទឈប់បាញ់ ដែលមានតាំងពីខែមករាមក៕