ភ្នំពេញ៖ មន្រ្តីជាន់ខ្ពស់នៃរដ្ឋាភិបាលកម្ពុជា បានបង្ហាញថា គិតក្នុងរយៈពេល១១ខែ ឆ្នាំ២០២១ ការនាំចេញកសិផលក្រៅពីស្រូវ-អង្ករ មានចំនួនសរុបជាង ៤លាន៦សែនតោន កើនឡើងចំនួនជាង ១លាន ៥សែនតោន២៧ ស្មើនឹង ៤៩,៤៧ភាគរយ ប្រៀបធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២០ ដែលមានចំនួនជាង ៣លានតោន។
នៅក្នុងបណ្តាញសង្គម កាលពីថ្ងៃទី៣០ ខែវិច្ឆិកាកន្លងទៅ ឯកឧត្តម វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ បានរៀបរាប់ថា ការនាំចេញកសិផលក្រៅពីស្រូវ-អង្ករ ដែលទទួលកំណើនរហូតជិត ៥០ភាគរយ នៅឆ្នាំ២០២១នេះ រួមមាន៖ ផលិតផលដំឡូងមី (ដំឡូងមីស្រស់, ដំឡូងមីក្រៀម, ម៉្សៅដំឡូងមី, កាកសំណល់ដំឡូងមី) ចំនួនសរុបជាង ២លាន ៣សែនតោន ក្នុងនោះនាំចេញទៅវៀតណាម ថៃ ចិន អ៊ីតាលី និងសហរដ្ឋអាម៉េរិកជាដើម។ សម្រាប់ផលិតផល គ្រាប់ស្វាយចន្ទី ចំនួនជាង ៩២ម៉ឺនតោន នាំចេញទៅវៀតណាម ថៃ ឥណ្ឌា ជប៉ុន និងកូរ៉េ។
គ្រាប់ពោតចំនួនជាង ១៧ម៉ឺនតោន នាំចេញទៅវៀតណាម ថៃ កោះតៃវ៉ាន់ បង់ក្លាដេស និងកូរ៉េ។ ដូងប្រេងចំនួនជាង ៥ម៉ឺន ៥ពាន់តោន នាំចេញទៅឥណ្ឌា និងម៉ាឡេស៊ី ខណៈម្រេចចំនួនជាង ២ម៉ឺន ៧ពាន់តោន នាំចេញទៅអាល្លឺម៉ង់ បារាំង ឥណ្ឌា ប៊ែលហ្ស៊ិ កោះតៃវ៉ាន់ ប៉ូឡូញ ចក្រភពអង់គ្លេស កាណាដា អារ៉ាប់រួម។
ចំណែក ថ្នាំជក់ចំនួនជាង ៤ពាន់តោន នាំចេញទៅវៀតណាម ប៊ែលហ្ស៊ិ ហុងគ្រី ចិន ឥណ្ឌូនេស៊ី និងអាល្លឺម៉ង់ និងផលិតផលចំនួន ៨៧មុខផ្សេងទៀត មានចំនួនសរុបជាង ១៧ម៉ឺនតោន។
យោងតាមប្រព័ន្ធទិន្នន័យគ្រឹះភូតគាមអនាម័យជាតិ (National Phytosanitary Database) ទទួលបានពីអគ្គនាយកដ្ឋានកសិកម្ម បានឲ្យដឹងថា ក្នុងរយៈពេល១១ខែ ឆ្នាំ២០២១នេះ ការនាំចេញកសិផលទៅក្រៅប្រទេស មានបរិមាណសរុបចំនួនជាង ៧លានតោន ទៅកាន់ទិសដៅ ៦៨ប្រទេស គឺមានការកើនឡើងចំនួនជាង ៣លាន៤សែនតោន ស្មើនឹងជាង ៨៧ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២០ ដែលទទួលបានត្រឹមតែ ៣លាន ៦សែនតោន៕
អត្ថបទ៖ ឈិត បូរ៉ាវី


