នៅថ្ងៃព្រហស្បតិ៍នេះ អ្នកនំាពាក្យក្រសួងការបរទេសរុស្ស៊ីអ្នកស្រី Maria Zakharova បានចោទប្រកាន់អ៊ុយក្រែនថា បានបើកការវាយប្រហារបង្ករឿងលើហេដ្ឋារចនាសម្ព័ន្ធថាមពលរុស្ស៊ី បើទោះបីជាមានការផ្អាកការវាយប្រហារបណ្តោះអាសន្ន រៀបចំឡើងដោយសហរដ្ឋអាមេរិកក៏ដោយ ។
ចំណែកឯ អ៊ុយក្រែន បានចោទប្រកាន់រុស្ស៊ីផងដែរថាបានបំពានបទឈប់បាញ់ថាមពលដែលកាលពីខែមុន ទីក្រុងវ៉ាស៊ីងតោនបញ្ចុះបញ្ចូលភាគីទាំង ២ ឲ្យទទួលយក ។
ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelenskiy បាននិយាយនៅក្នុងសប្តាហ៍នេះថា ទីក្រុងគីវ បានរាយការណ៍រាល់ថ្ងៃដល់សហរដ្ឋអាមេរិក ពីការបំពានរបស់រុស្ស៊ី ។
អ្នកស្រី Zakharova និយាយថា ចាប់តាំងពីមានការផ្អាកបណ្តោះអាសន្ន អ៊ុយក្រែន បានប្រើប្រាស់អាវុធលោកខាងលិច ដើម្បីបើកការវាយប្រហារជាង ៣០លើក លើហេដ្ឋារចនាសម្ព័ន្ធថាមពលនៅរុស្ស៊ី និងតំបន់របស់អ៊ុយក្រែនដែលគ្រប់គ្រងដោយរុស្ស៊ី ។
អ្នកស្រីនិយាយប្រាប់ក្រុមអ្នកសារព័ត៌មានថា ការវាយប្រហារលើហេដ្ឋារចនាសម្ព័ន្ធថាមពលរុស្ស៊ី គឺជាការបង្ករឿង ។
រុស្ស៊ី និយាយថា ពួកគេសុំរក្សាសិទ្ធិក្នុងការដកខ្លួនចេញពីបទឈប់បាញ់ថាមពល បើសិនជាអ៊ុយក្រែនបំពានវា ៕