បន្ទាប់ពីមេដឹកនាំអ៊ីស្រាអែល លោក Benjamin Netanyahu ដែលត្រូវបានស្វែករកចាប់ខ្លួនដោយដីការបស់ ICC បានធ្វើដំណើរទៅដល់ ដើម្បីបំពេញទស្សនកិច្ចផ្លូវរដ្ឋ រដ្ឋាភិបាល នៅថ្ងៃទីព្រហស្បតិ៍ (ទី៣ ខែមេសា) នេះ បានប្រាប់ឲ្យដឹងថា ប្រទេសហុងគ្រីបានសម្រេចដកខ្លួនចេញពីតុលាការព្រហ្មទណ្ឌអន្តរជាតិ (ICC) ហើយ។
នាយករដ្ឋមន្ត្រីស្តាំនិយមរបស់ហុងគ្រី គឺលោក Viktor Orban បានអញ្ជើញសមភាគីអ៊ីស្រាអែលរបស់លោកទៅកាន់ទីក្រុង Budapest កាលពីខែវិច្ឆិកា ពោលគឺមួយថ្ងៃបន្ទាប់ពី ICC បានចេញដីកាចាប់ខ្លួន ជុំវិញការចោទប្រកាន់ពីបទប្រព្រឹត្តឧក្រិដ្ឋកម្មសង្រ្គាម នៅតំបន់ហ្កាហ្សា ជាកន្លែងដែលអ៊ីស្រាអែលបើកការវាយលុក បន្ទាប់ពីមានការវាយប្រហារដោយពួកយុទ្ធជនដឹកនាំដោយក្រុមហាម៉ាស នៅភាគខាងត្បូងអ៊ីស្រាអែល។
អ៊ីស្រាអែលបានច្រានចោលការចោទប្រកាន់ដែលខ្លួននិយាយថា មានហេតុផលនយោបាយ និងត្រូវបានជំរុញដោយការប្រឆាំងនឹងជនជាតិជ្វីហ្វនិយម ហើយបបញ្ជាក់បន្ថែមថា តុលាការព្រហ្មទណ្ឌអន្តរជាតិនេះ បានបាត់បង់ភាពស្របច្បាប់ទាំងស្រុងហើយ ដោយសារការចេញដីកាប្រឆាំងនឹងមេដឹកនាំជាប់ឆ្នោតតាមបែបប្រជាធិបតេយ្យនៃប្រទេសដែលអនុវត្តសិទ្ធិការពារខ្លួន។
ក្នុងនាមជាសមាជិកស្ថាបនិករបស់ ICC ហុងគ្រីមានកាតព្វកិច្ចតាមទ្រឹស្តី ក្នុងការចាប់ខ្លួន និងប្រគល់ជនណាម្នាក់ដែលត្រូវបានតុលាការចេញដីកាចាប់ខ្លួន ប៉ុន្តែលោក Orban បានបញ្ជាក់យ៉ាងច្បាស់ថា ហុងគ្រីនឹងមិនគោរពសេចក្តីសម្រេច ដែលលោកហៅថា «ឥតអៀនខ្មាស អាក្រក់មើល និងមិនអាចទទួលយកបានទាំងស្រុង»។
គួររំលឹកថា ប្រទេសហុងគ្រីបានចុះហត្ថលេខាលើឯកសារបង្កើត ICC ក្នុងឆ្នាំ១៩៩៩ និងបានផ្តល់សច្ចាប័នដល់ឯកសារនោះ ក្នុងឆ្នាំ២០០១ ប៉ុន្តែច្បាប់នេះមិនត្រូវបានប្រកាសជាផ្លូវការនោះទេ៕