កូរ៉េខាងជើង៖ កូរ៉េខាងជើងប្រាប់ពលរដ្ឋរបស់ខ្លួន ឲ្យបង្កើនការទទួលទានសាច់សត្វទន្សាយឲ្យបានច្រើនថែមទៀត ខណៈប្រទេសនេះស៊ូទ្រាំនឹងការបិទខ្ទប់ប្រទេសជាអន្តរជាតិនៅឆ្នាំទី២ ប្រឆាំងនឹងវីរុស COVID-19។ វិធានការបិទខ្ទប់នោះបានដាក់រដ្ឋមួយនេះឲ្យកាន់តែឯកា និងកាត់ផ្ដាច់ទំនាក់ទំនងថែមទៀតពីភពខាងក្រៅ ដែលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ផ្នែកពាណិជ្ជកម្ម។

នៅឯកសិដ្ឋាន Sosin នៅជាយរដ្ឋធានី Pyongyang កសិករម្នាក់គឺអ្នកស្រី Sok Sun Ae ចិញ្ចឹមសត្វទន្សាយចំនួន ៣០០ក្បាលដោយប្រើបន្លែដែលគាត់ដាំខ្លួនឯងធ្វើជាចំណីសម្រាប់សត្វទន្សាយទាំងនោះ។ អ្នកស្រីនិយាយថា ទន្សាយរបស់អ្នកស្រីអាចមានទម្ងន់ ៥គីឡូក្រាមក្នុងរយៈពេល ៦ខែ ហើយក្រុមគ្រួសារនានាក្នុងតំបន់នេះតែងទិញទន្សាយទាំងនេះទៅទទួលទាន។ ទីភ្នាក់ងារនានារបស់អង្គការសហប្រជាជាតិ ដូចជាកម្មវិធីស្បៀងអាហារពិភពលោក និងស្ថានទូតបរទេសជាច្រើនបានដកបុគ្គលិករបស់ខ្លួនចេញពីរដ្ឋធានី Pyongyang ដូច្នេះពិបាកដឹងពីស្ថានភាពបច្ចុប្បន្ននៅក្នុងប្រទេសកូរ៉េខាងជើង។
សារព័ត៌មានរដ្ឋបានរាយការណ៍ដដែលៗ ពីរបាយការណ៍ទាក់ទងនឹងការបង្កាត់ពូជទន្សាយនៅឆ្នាំនេះ ដែលមេដឹកនាំកូរ៉េខាងជើងលោក Kim Jong Un បានបង្ហាញពីការផ្ដួចផ្ដើមគំនិតក្នុងសុន្ទរកថាប្រចាំឆ្នាំកាលពីខែកញ្ញាកន្លងទៅ។ ទីភ្នាក់ងារសារព័ត៌មានរដ្ឋ KCNA របស់កូរ៉េខាងជើងបានរាយការណ៍ថា លោក Kim បានអំពាវនាវឲ្យប្រជាពលរដ្ឋបង្កើនការចិញ្ចឹមសត្វពពែ និងគោក្របី ហើយធ្វើចលនាបង្កាត់ពូជទន្សាយដល់ជាប្រជាជនទាំងអស់ តាមការតម្រូវដោយគោលនយោបាយរបស់បក្ស ក្នុងការទទួលបានសាច់ពីស្មៅក្នុងវិស័យចិញ្ចឹមសត្វ៕
អត្ថបទ៖ សុខមាន