កម្មវិធីស្បៀងអាហារពិភពលោក(WFP)របស់អង្គការសហប្រជាជាតិ(UN) បានចាប់ផ្តើមចែកចាយជំនួយរបស់ពួកគេដល់ជនរងគ្រោះដោយសារការរញ្ជួយដីដែលបានអង្រួនសហភាពមីយ៉ាន់ម៉ាកាលពីថ្ងៃសុក្រសប្តាហ៍មុន ដោយបានសម្លាប់មនុស្សជាង ៣ពាន់នាក់ ។
ស្របពេលដែលប្រតិបត្តិការជួយសង្រ្គោះកំពុងបន្តនៅតាមទីក្រុង Mandalay និងទីក្រុង Sagaing ប្រជាពលរដ្ឋដែលបានជម្លៀសខ្លួនដោយសារការរញ្ជួយដី ទទួលបានស្បៀងអាហារពីក្រុមការងារ WFP ។ ពលរដ្ឋរស់នៅក្នុងទីក្រុងទាំង ២ និយាយថា ពួកគេពុំទទួលបានជំនួយណាមួយពីយោធានោះទេ ។
យោធាពិបាកគ្រប់គ្រងសហភាពមីយ៉ាន់ ចាប់តាំងពីពួកគេវិលត្រឡប់មកកាន់អំណាចវិញនៅក្នុងរដ្ឋប្រហារកាលពីឆ្នាំ ២០២១ដែលបានផ្តួលរំលំរដ្ឋាភិបាលស៊ីវិលឈ្នះឆ្នោតរបស់ម្ចាស់ជ័យលាភីណូបែលសន្តិភាពលោកស្រី Aung San Suu Kyi ។
របបសឹក និយាយនៅថ្ងៃព្រហស្បតិ៍នេះថា ការរញ្ជួយដីនៅតំបន់ភាគកណ្តាលមីយ៉ាន់ម៉ា បានសម្លាប់មនុស្ស ៣.០៨៥នាក់ និងមនុស្ស ៤.៧១៥នាក់ផ្សេងទៀត រងរបួស ក្នុងនោះមនុស្សរាប់រយនាក់ បន្ថែមទៀត កំពុងបាត់ខ្លួន ៕