ទីភ្នាក់ងារសារព័ត៌មាន BTA បានរាយការណ៍ថា រដ្ឋាភិបាលប៊ុលហ្គារីដឹកនាំដោយលោក Rosen Zhelyazkov នៅថ្ងៃព្រហស្បតិ៍ (ទី៣ ខែមេសា) នេះ បានរួចផុតពីការបោះឆ្នោតដកសេចក្ដីទុកចិត្ត ដែលត្រូវបានចាប់ផ្តើមឡើងដោយសារគោលនយោបាយការបរទេសរបស់ខ្លួន។
ញត្តិដកសេចក្ដីទុកចិត្តដែលត្រូវបានផ្តួចផ្តើមឡើងដោយគណបក្ស Vazrazhdane និងគាំទ្រដោយសមាជិកសភាមកពីគណបក្ស Velichie និង MECh បានបរាជ័យមិនអាចទទួលបានសំឡេងភាគច្រើនដែលត្រូវការចាំបាច់។
ការបោះឆ្នោតនេះ បានបញ្ចប់ទៅដោយសមាជិកចំនួន ៥៤រូប គាំទ្រចំពោះការញត្តិនេះ និង ១៥០នាក់ ប្រឆាំង ដោយគ្មានសំឡេងអនុបវាទ។
គួរបញ្ជាក់ថា ដើម្បីឲ្យញត្តិនេះទទួលបានការអនុម័ត វាត្រូវការសំឡេងគាំទ្រពីសមាជិកសភាជាងពាក់កណ្តាល នៅក្នុងសភាដែលមាន ២៤០អាសនៈ៕