អង្គការផ្ដល់ជំនួយជាច្រើនរបស់ពិភពលោកបានព្រមានកាលពីថ្ងៃព្រហស្បតិ៍ ៣មេសា ថា អាកាសធាតុក្ដៅខ្លាំង និងភ្លៀងធ្លាក់ខ្លាំង ក្នុងប្រទេសមីយ៉ាន់ម៉ា អាចបង្កឱ្យមានការផ្ទុះឡើងនៃជំងឺផ្សេងៗក្នុងចំណោមអ្នករស់រានមានជីវិតពីគ្រោះរញ្ជួយដីដែលបោះជំរំស្នាក់នៅតាមទីវាលនានា ដែលធ្វើឱ្យកិច្ចខិតខំប្រឹងប្រែងជួយសង្រ្គោះកាន់តែមានភាពស្មុគស្មាញពីលើសង្គ្រាមស៊ីវិល ខណៈចំនួនអ្នកស្លាប់បានកើនឡើងជាង៣.០០០នាក់។

ការរញ្ជួយដីកម្រិត ៧,៧ រ៉ិចទ័រ កាលពីថ្ងៃសុក្រសប្តាហ៍មុន ដែលជាការរញ្ជួយមួយក្នុងចំណោមការរញ្ជួយដីដ៏ខ្លាំងក្លាបំផុតជាច្រើន របស់ប្រទេសមីយ៉ាន់ម៉ាក្នុងមួយសតវត្សរ៍ បានអង្រួនតំបន់ដែលមានប្រជាជនចំនួន ២៨ លាននាក់ ដោយបានបំផ្លិចបំផ្លាញអគារដូចជាមន្ទីរពេទ្យជាដើម រាបដល់ដី និងបន្សល់ទុកមនុស្សជាច្រើនគ្មានអាហារ ទឹក និងជម្រក។

ចំនួនមនុស្សស្លាប់បានកើនឡើងដល់ជាង ៣.១០០នាក់ កាលពីថ្ងៃព្រហស្បតិ៍ ដោយមានអ្នករងរបួសចំនួន ៤.៧១៥នាក់ និង ៣៤១នាក់កំពុងបាត់ខ្លួន។
អង្គការសុខភាពពិភពលោកបានបង្ហាញពីការកើនឡើងហានិភ័យនៃជំងឺអាសន្នរោគ និងជំងឺផ្សេងៗទៀតនៅក្នុងតំបន់ដែលរងផលប៉ះពាល់ខ្លាំងបំផុតដូចជាទីក្រុង Mandalay ទីប្រជុំជន Sagaing និងរដ្ឋធានីណៃពីដោ (Naypyitaw) ខណៈខ្លួនបានរៀបចំការផ្គត់ផ្គង់ជំនួយចំនួន ១ លានដុល្លារ រួមទាំងថង់វេចខ្ចប់សាកសពផងដែរ។

លោកស្រី Elena Vuolo អនុប្រធានការិយាល័យមីយ៉ាន់ម៉ាដែលចង្អុលទៅការផ្ទុះឡើងកាលពីឆ្នាំមុននៅទីក្រុង Mandalay បាននិយាយថាជំងឺអាសន្នរោគនៅតែជាកង្វល់ដ៏ធំសម្រាប់យើងទាំងអស់គ្នា។
លោកស្រីបានបន្ថែមថា ហានិភ័យគឺកាន់តែធ្ងន់ធ្ងរ ដោយសារការខូចខាតដល់មណ្ឌលថែទាំសុខភាពប្រហែលពាក់កណ្តាលនៅក្នុងតំបន់រងគ្រោះដោយរញ្ជួយដី រួមទាំងមន្ទីរពេទ្យដែលត្រូវបានបំផ្លាញដោយការរញ្ជួយដីនៅទីក្រុង Mandalay និង Naypyitaw៕