ព្យុះនិទាឃរដូវដ៏កាចសាហាវមួយបានសម្លាប់មនុស្សយ៉ាងហោចណាស់ ៧នាក់ និងបង្កជាព្យុះកួច និងផ្គររន្ទះដ៏ធំនៅក្នុងផ្នែកដ៏ធំនៃសហរដ្ឋអាមេរិក ដែលលាតសន្ធឹងចាប់ពីរដ្ឋតិចសាស់ (Texas) ទៅរដ្ឋអូហៃយ៉ូ (Ohio) រយៈពេល ២ថ្ងៃមកហើយ កាលពីថ្ងៃព្រហស្បតិ៍ (០៣ មេសា) ដោយបង្កើនហានិភ័យនៃទឹកជំនន់យ៉ាងគំហុក ហើយអាចបង្កើនកម្លាំងកាន់តែខ្លាំងថែមទៀតនៅថ្ងៃសុក្រ (០៤ មេសា) នេះ។

សេវាអាកាសធាតុជាតិនិយាយថា ប្រព័ន្ធព្យុះដ៏មានឥទ្ធិពលនេះ ត្រូវបានគេរំពឹងថានឹងវិលវល់នៅផ្នែកកណ្តាលរបស់ប្រទេស ដោយជំរុញឱ្យមានការជន់លិចបន្ថែមទៀត និងព្យុះកួចដែលអាចកើតមាននៅក្នុងតំបន់មានភ្លៀងធ្លាក់ខ្លាំងរួចទៅហើយ។ មានសេចក្ដីរាយការណ៍ជាច្រើននៃការខូចខាតអគារ យានយន្ត និងដើមឈើដួលរលំ ហើយមនុស្សជាង ២៤៧.០០០នាក់ ទូទាំងអាមេរិកពុំមានថាមពលប្រើប្រាស់។

សេវាអាកាសធាតុជាតិព្រមានថា "ទឹកជំនន់ ដែលគំរាមកំហែងដល់អាយុជីវិត និងមហន្តរាយ ហើយប្រហែលជាកម្រិតប្រវត្តិសាស្ត្រ" អាចកើតឡើងនៅទូទាំងជ្រលងភ្នំ Ohio ផ្នែកខាងក្រោម និងតំបន់កណ្តាលនៃភាគខាងត្បូង។ អ្នកព្យាករក៏ព្រមានថា សហគមន៍នៅតំបន់រងផលប៉ះពាល់ដោយទឹកជំនន់ "គួរតែត្រៀមខ្លួនសម្រាប់រយៈពេលដ៏យូរ និងការរំខានធ្ងន់ធ្ងរដល់ជីវិតប្រចាំថ្ងៃ" ជាមួយនឹងភ្លៀងធ្លាក់ពី ១០ ទៅ ១៥អ៊ីញ ដែលរំពឹងទុកនៅចុងសប្តាហ៍។

អាកាសធាតុធ្ងន់ធ្ងរ រួមទាំងព្យុះកួច និងសំណុំទឹកកកគ្រាប់ធំៗ ត្រូវបានគេរំពឹងថានឹងកើតមានយ៉ាងគ្រោះថ្នាក់នៅទូទាំងរដ្ឋ Ozarks, Arkansas, Louisiana និង Texas។ ប្រជាជនអាមេរិក រាប់លាននាក់កំពុងស្ថិតក្រោមហានិភ័យ និងការព្រេមានពីគ្រោះថ្នាក់អាកាសធាតុធ្ងន់ធ្ងររហូតដល់ចុងសប្ដាហ៍៕