លោកប្រធានាធិបតីអាមេរិក Donald Trump កាលពីថ្ងៃព្រហស្បតិ៍ (០៣ មេសា) សប្ដាហ៍នេះ បាននិយាយថា លោកនឹងពិចារណាលើកិច្ចព្រមព្រៀងមួយ ដែលប្រទេសចិន យល់ព្រមអនុម័តលើការលក់កម្មវិធីវីដេអូខ្លី TikTok ដែលជាកម្មសិទ្ធិរបស់ Byte Dance ជាថ្នូរនឹងការបន្ធូរបន្ថយពន្ធពីសហរដ្ឋអាមេរិក លើការនាំចូលរបស់ចិន។

ថ្លែងទៅកាន់អ្នកសារព័ត៌មាននៅលើយន្តហោះ Air Force One លោក Trump បានប្រើប្រាស់ TikTok ជាឧទាហរណ៍មួយប្រាប់ពីវិធីសាស្រ្តដែលការដំឡើងពន្ធ អាចត្រូវបានប្រើដើម្បីចរចាជាមួយប្រទេសផ្សេងទៀត។ លោក Trump បាននិយាយថា "អាមេរិកអាចប្រើពន្ធដើម្បីចរចាស្វែងរកថ្នូរតបស្នង ដូចជារឿង TikTok ជាដើម បើសិនចិនប្រាប់ថាយល់ព្រមលើកិច្ចព្រមព្រៀងមួយ"។

គួរបញ្ជាក់ថា TikTok ប្រឈមនឹងកាលបរិច្ឆេទផុតកំណត់នៅថ្ងៃទី០៥ ខែមេសា ស្អែកនេះ ក្នុងការឈានដល់កិច្ចព្រមព្រៀងមួយដើម្បីស្វែងរកអ្នកទិញដែលមិនមែនជាជនជាតិចិន បើមិនដូច្នេះទេអេបនេះនឹងស្ថិតនៅក្រោមការគំរាមកំហែងហាមឃាត់ដំណើរការនៅសហរដ្ឋអាមេរិក។ លោក Trump ធ្លាប់និយាយថា រដ្ឋបាលរបស់លោកគឺ "ជិតឈានដល់" កិច្ចព្រមព្រៀងមួយនៅរឿង TikTok ហើយ ដោយមានវិនិយោគិនជាច្រើនពាក់ព័ន្ធ។
ការអត្ថាធិប្បាយរបស់លោក Trump លើបញ្ហា TikTok នេះ កើតឡើងមួយថ្ងៃប៉ុណ្ណោះ បន្ទាប់ពីលោកបានប្រកាសពន្ធមូលដ្ឋាន ១០% លើការនាំចូលទាំងអស់ទៅកាន់អាមេរិក និងពន្ធខ្ពស់ខ្លាំងលើដៃគូពាណិជ្ជកម្មដ៏ធំបំផុតមួយចំនួនរបស់ខ្លួន ហើយឥឡូវនេះ ចិនប្រឈមមុខនឹងការយកពន្ធ ៥៤% លើទំនិញដែលនាំចូលទៅអាមេរិក៕