ទូកពីរគ្រឿង ដែលដឹកជនភៀសខ្លួនបានលិចនៅក្នុងច្រកសមុទ្រតូចចង្អៀតរវាងប្រទេសទួរគី និងកោះ Lesbos របស់ក្រិក បណ្តាលឲ្យមនុស្សយ៉ាងហោចណាស់ ១៦ នាក់ស្លាប់ នេះបើយោងតាមមន្ត្រីនៃប្រទេសទាំងពីរ។

ឧបទ្ទវហេតុនៅលើទូកទាំងពីរដែលដឹកមនុស្សប្រហែល ៦៦ នាក់បានកើតឡើងជាច្រើនម៉ោងពីគ្នាកាលពីថ្ងៃព្រហស្បតិ៍ ដោយអាជ្ញាធរនៃប្រទេសទាំងពីរ ពុំបានដឹងពីកិច្ចខិតខំប្រឹងប្រែងជួយសង្គ្រោះរបស់ប្រទេសផ្សេងនោះទេ។

ភាគីខាងប្រទេសក្រិក ឆ្មាំល្បាតឆ្នេររបស់ប្រទេសនេះ បាននិយាយថា នាវាល្បាតមួយបានទៅដល់ទូកតូចមួយដែលមានប្រវែងប្រហែល ៥ ម៉ែត្រ ហើយបានជួយសង្គ្រោះមនុស្ស ២៣ នាក់ អនីតិជន ១១ នាក់ បុរស៨ នាក់និងស្ត្រី ៤ នាក់ ក្នុងចំណោមអ្នកដំណើរសរុប ៣១ នាក់។
ក្រោយមក ក្រុមអាជ្ញាធរបានរកឃើញសាកសពមនុស្ស ៧ នាក់ ក្នុងនោះមានស្ត្រី ៣ នាក់ ក្មេងប្រុស ២ នាក់ ក្មេងស្រីម្នាក់ និងបុរស ១ នាក់ បន្ទាប់ពីប្រតិបត្តិការស្វែងរក និងជួយសង្គ្រោះ ដែលរួមមានឧទ្ធម្ភាគចក្រ នាវាពីឆ្មាំល្បាតឆ្នេរ និងទីភ្នាក់ងារព្រំដែនអឺរ៉ុប FRONTEX ។
ឆ្មាំល្បាតឆ្នេរក្រិកបាននិយាយថា ក្រុមអ្នកជួយសង្គ្រោះនៅតែកំពុងស្វែងរកនៅល្ងាចថ្ងៃព្រហស្បតិ៍សម្រាប់ក្មេងស្រីម្នាក់ ដែលត្រូវban រាយការណ៍ថាបានបាត់ខ្លួនដោយអ្នកនៅរស់រានមានជីវិត៕